ភ្នំពេញ៖ ប្រទេសកាណាដាតាមរយៈឯកអគ្គរាជទូតរបស់ខ្លួនលោកស្រី Ping M. Kitnikone បាន ប្រកាសថាប្រទេសនេះនឹងបន្តផ្ដល់ជំនួយឥតសំណងដល់កម្ពុជាក្នុង១ឆ្នាំ២០លានដុល្លារ ជាមួយនឹងការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាបន្ថែមផងដែរ។ ការប្រកាសនេះធ្វើឡើងក្នុងពេលលោកស្រីឯកអគ្គរាជទូតចូលជួបប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិកាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសភាកម្ពុជា។
នាយកខុទ្ទកាល័យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាក្នុងជំនួបនោះលោកស្រី Ping M. Kitnikone បានសង្កត់ធ្ងន់ថាទោះបីកម្ពុជាជិតឈានចេញពីប្រទេសក្រីក្រក្ដីតែជំនួយរបស់កាណាដាសម្រាប់កម្ពុជាគឺនៅដដែល ដែលនេះជាការបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងកាណាដា។
លោកថា៖ «ការចូលរួមមកដល់កម្ពុជាគឺជាការសម្រេចនូវកាតាព្វកិច្ចរបស់កាណាដាសម្រាប់ការលើកកម្ពស់ពហុភាគីនិយមលើឆាកអន្តរជាតិ ហើយប្រទេសអភិវឌ្ឍន៍គាត់មានការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការផ្ដល់នូវជំនួយក្នុងការអភិវឌ្ឍន៍ហ្នឹងដល់ប្រទេសក្រីក្រ ហើយទោះបីជាប្រទេសកម្ពុជាជិតចេញផុតពីប្រទេសក្រីក្រក៏ដោយក៏កាណាដានៅតែបន្តជួយនៅផ្នែកផ្សេងៗដែលអាចជួយបានដែរ»។
នៅក្នុងជំនួបនោះសម្ដេចសភាធិកាធិបតី ឃួន សុដារី បានលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែររវាងកម្ពុជានិងកាណាដានិងជំនួយរបស់ប្រទេសនេះមកកាន់កម្ពុជាជាបន្តបន្ទាប់តាំងពីអំឡុងទស្សវត្សទី៩០ ដែលបានជួយដល់សង្គម សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ជាពិសេសគឺការបន្តរក្សាប្រព័ន្ធអនុគ្រោះពន្ធ GSP ដោយមិនមានសម្ពាធនយោបាយធ្វើជារបាំងនៃពាណិជ្ជកម្មជាមួយកម្ពុជានោះទេ។
ស្របពេលដែលប្រទេសកាណាដាកំពុងចចារជាមួយអាស៊ានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយសម្ដេច ឃួន សុដារី ថាកម្ពុជានឹងគាំទ្រចំពោះកិច្ចព្រមព្រៀងនេះខណៈស្នើដល់កាដាណាគួរមើលកម្ពុជាលើសពីក្របខណ្ឌប្រទេសព្រោះកម្ពុជាគឺជាសមាជិកអាស៊ាន និងជាសមាជិកនៃកិច្ចព្រមពៀង RCEP ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាមិត្ត។
ទំនាក់ទំនងទ្វេភាគីរបស់កាណាដាជាមួយកម្ពុជាបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយ ដែលទាក់ទងនឹងជម្លោះឥណ្ឌូចិន នៅពេលដែលកាណាដាបានចូលរួមក្នុងគណៈកម្មាធិការត្រួតពិនិត្យអន្តរជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ លើសពីនេះកាណាដាក៏ជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍។
កាណាដាគឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជា ហើយពាណិជ្ជកម្មទំនិញទ្វេភាគីបានកើនឡើងពី ១,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ២,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសកាណាដា៕