តាកែវ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រគល់ដំរី មួយគូដល់កម្ពុជា ដើម្បីជានិមិត្តរូបចំណងសាមគ្គីភាព។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា និងលោក Linkham DOUANGSAVNH ចូលរួមក្នុងពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ។
ក្នុងពិធីប្រគល់-ទទួលសត្វដំរីនេះ រដ្ឋមន្ត្រីកសិកម្មបានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងជាកិត្តិយស ក្នុងការអញ្ជើញតំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលសត្វដំរីមួយគូ ប្រកបដោយទឹកចិត្តជ្រះថ្លាប្រពៃ និងមានអត្ថន័យ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីនេះដែរ លោក ឌិត ទីណា បញ្ជាក់ពិធីប្រគល់-ទទួលដំរីមួយគូថ្ងៃនេះ គឺមានអត្ថន័យជ្រាលជ្រៅនៃប្រទេសទាំងពីរ ហើយវត្តមានប្រតិភូជាន់ខ្ពស់ បង្ហាញពីមិត្តភាពកម្រិតខ្ពស់ កិច្ចសហការល្អ និងក្នុងនាមអ្នកជិតខាងល្អ។
លោកបានលើកឡើងថា សត្វដំរីបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទនានា ដែលកាលសម័យបុរាណបុព្វបុរសខ្មែរ បានយកសត្វដំរីមកប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ និងការធ្វើសង្គ្រាមជាដើម។
ទន្ទឹមនោះ លោកបានសង្កត់បញ្ជាក់ថា បច្ចុប្បន្នសត្វដំរីត្រូវបានទទួលរងការគម្រាមកំហែង ចាំបាច់ត្រូវធ្វើការការពារ ថែរក្សា ហើយរដ្ឋាភិបាលកម្ពុជាបង្កើត និងលើកកម្ពស់សត្វដំរីព្រៃ ដោយក្នុងនោះការបង្កើតកម្មវិធីភ្លុកដំរី និងយុទ្ធសាស្ត្រនានាជាមួយដៃគូនានាក្នុងការការពារ និងអភិរក្សដំរី។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានប្រគល់ដំរីមួយគូនេះ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបើកទំព័រចំណងមិត្តភាពល្អបន្ថែមទៀត ក្នុងការអភិរក្ស និងការពារសត្វព្រៃ សត្វដំរី ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសវិស័យកសិកម្មឱ្យកាន់តែល្អប្រសើរ។
គួរឱ្យដឹងដែរថា សត្វដំរីញី-ឈ្មោលមួយគូនេះ មានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលក្នុងនេះ ដំរីញីឈ្មោះ «រំដួល» កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ អាយុ ៣ឆ្នាំ ៩ខែនិងចំណែកដំរីឈ្មោល ឈ្មោះ «ចំប៉ា» កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាយុ ៣ឆ្នាំ ៧ខែ។
ក្រសួងកសិកម្ម បានរៀបចំទ្រុងដែល មានទំហំបណ្តោយ៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងកម្ពស់១,៣ម៉ែត្រ ជាមួយនឹងរោងសម្រាប់ដំរី ដេកទំហំបណ្តោយ១២ម៉ែត្រ និងទទឹង ៦ម៉ែត្រ និងអាងទឹកមួយផងដែរ ដើម្បីឱ្យដំរីត្រាំ និងលេងទឹកនៅក្នុងតំបន់ព្រៃឈើ សមស្រប តាមលក្ខណៈជីវសាស្រ្តរបស់សត្វដំរី អាស៊ីដែលរស់នៅស្រដៀងទៅនឹងព្រៃធម្មជាតិ៕