ក្រុមហ៊ុនចិនចំនួន ៥ ឈ្នះការដេញថ្លៃអាជ្ញាបណ្ណប្រតិបត្តិការប្រេង និងឧស្ម័ននៅក្នុងប្រទេសអ៊ីរ៉ាក់
អ៊ីរ៉ាក់៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមហ៊ុនចិនមួយបានឈ្នះការដេញថ្លៃដើម្បីធ្វើប្រតិបត្តិការរុករកអណ្តូងប្រេង និងឧស្ម័ននៅលើទីតាំងចំនួន ៥ នៃប្រទេសអ៊ីរ៉ាក់នៅក្នុងរង្វង់នៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការរុករកហាយដ្រូកាបូន (Hydrocarbon) ដែលមានគោលបំណងជាចម្បងក្នុងការបង្កើនផលិតកម្មឧស្ម័នសម្រាប់តម្រូវការប្រើប្រាស់ក្នុងស្រុក។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់មានបំណងទាក់ទាញការវិនិយោគក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារដើម្បីអភិវឌ្ឍវិស័យប្រេង និងឧស្ម័នរបស់ខ្លួន ខណៈប្រទេសនេះកំពុងសម្លឹងមើលការបង្កើនផលិតកម្មគីមីឥន្ធនៈក្នុងស្រុក និងមានគោលបំណងបញ្ឈប់ការនាំចូលឧស្ម័នពីអ្នកជិតខាងរបស់ខ្លួនគឺអ៊ីរ៉ង់ ដែលបច្ចុប្បន្នការនាំចូលឧស្ម័នជាគន្លឹះក្នុងការផលិតថាមពលសម្រាប់តម្រូវការក្នុងស្រុក។ គួរបញ្ជាក់ថា នៅក្នុងការដេញថ្លៃនេះត្រូវបានគេដឹងថា មានក្រុមហ៊ុនប្រមាណជា ២០ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការផ្តល់អាជ្ញាបណ្ណដែលក្នុងនោះគឺឃើញមានក្រុមហ៊ុនដែលមកពីទ្វីបអឺរ៉ុប, ក្រុមហ៊ុនចិន អារ៉ាប់ និងក្រុមហ៊ុនក្នុងស្រុករបស់អ៊ីរ៉ាក់ផ្ទាល់។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមិនមានក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នរបស់អាមេរិកណាមួយចូលរួមពាក់ព័ន្ធនឹងការដេញថ្លៃនេះឡើយ បើទោះជានាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohammed Shia បានជួបពិភាក្សាជាមួយបណ្ដាតំណាងក្រុមហ៊ុនធំៗជាច្រើននាអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកកាលពីខែមុនក៏ដោយ។
បើតាមប្រភពដដែលបានអះអាងថា ក្រុមហ៊ុនចិនបានឈ្នះការដេញថ្លៃអាជ្ញាបណ្ណចំនួន ៥ កាលពីម្សិលមិញនេះ។ បើតាមក្រសួងប្រេងរបស់អ៊ីរ៉ាក់បានបញ្ជាក់ថា ក្រុមហ៊ុន Zhongman Petroleum and Natural Gas Group (ZPEC) ទទួលបានអាជ្ញាបណ្ណលើតំបន់ភាគខាងជើងនៃប៉ែកខាងកើតរដ្ឋធានី បាដាដ (Baghdad) រួមនិងតំបន់ Middle Euphrates ដែលលាតសន្ធឹងលើខេត្ត Najaf និងខេត្ត Karbala ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។
ដោយឡែក ក្រុមហ៊ុន United Energy Group Ltd ដែលជាក្រុមហ៊ុនមួយផ្សេងទៀតរបស់ចិនដែរនោះ បានឈ្នះការដេញថ្លៃទទួលបានអាជ្ញាបណ្ណដើម្បីអភិវឌ្ឍតំបន់ Al-Faw ដែលស្ថិតនៅជាប់សមុទ្រ និងជាប់ជាមួយប្រទេសគុយវ៉ែត ខណៈក្រុមហ៊ុន ZhenHuaOil បានឈ្នះការដេញថ្លៃទទួលបានអាជ្ញាបណ្ណដើម្បីអភិវឌ្ឍតំបន់ Qurnain ដែលជាប់នឹងព្រំដែនរបស់អារ៉ាប៊ីសាអូឌីត ហើយក្រុមហ៊ុន Geo-Jade ដែលជាក្រុមហ៊ុនចិនដូចគ្នាទទួលបានអាជ្ញាបណ្ណដើម្បីប្រតិបត្តិការក្នុងតំបន់ Zurbatiya ក្បែរនឹងព្រំដែនអ៊ីរ៉ង់។
លោក Falah Al-amri ទីប្រឹក្សានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លើបញ្ហាប្រេង និងឧស្ម័នថ្លែងថា រដ្ឋាភិបាលសង្ឃឹមថាគម្រោងថ្មីនេះនឹងបង្កើនផលិតកម្មប្រេងដល់ ៦លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ពីចំនួនបច្ចុប្បន្នដែលផលិតបានប្រមាណ ៥លានបារ៉ែលក្នុងមួយថ្ងៃ។ គួរឱ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់ក៏ចង់ឱ្យគម្រោងផលិតឧស្ម័នធម្មជាតិផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ផងដែរ ដោយអ៊ីរ៉ាក់មានបំណងចង់បញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិនៅត្រឹមឆ្នាំ២០៣០៕