សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ព្រះរាជអាជ្ញាចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពាក់ព័ន្ធករណីរត់ការមនុស្សចូលក្របខណ្ឌ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភាម្សិលមិញនេះ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ ៣នាក់ ទាក់ទងនឹងករណីរំលោភអំណាច (រត់ការចូលក្របខណ្ឌ)។ បើតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២០៣៦ អ.យ.ឈ បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង ៣រូបរួមមាន៖ ១. នង រុន ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ២. ឈ្មោះ ហ៊៊ុយ ពិសិដ្ឋ ភេទប្រុស ៣៥ឆ្នាំ មុខរបរ មន្រ្តីរាជការនៃក្រសួងផែនការ និងទី៣ ឈ្មោះ ស៊ុន ពេជ្រម៉ាលី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ គ្រូបង្រៀន។

បើតាមអង្គហេតុដែលតំណាងអយ្យការចោទប្រកាន់មានដូចតទៅ៖ កាលពីអំឡុងឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ មាន បុគ្គល០៣នាក់ ដែលមាន១.ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខ អាន ព្រៃសណ្តែក ,២.ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀននៃសាលាបឋម សិក្សាធន់មន់ និង៣.ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ បានសហការជាមួយគ្នាដើម្បីធ្វើសកម្មភាពជាច្រើនដូចជា៖ ការរត់ការ ចូលក្របខណ្ឌរដ្ឋ,ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត,ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទដូចជា៖ សញ្ញាបត្របាក់ឌុប, សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី៤៥០(បួនរយហាសិប)ដុល្លារអាមេរិក ដល់១,៥០០(មួយពាន់ ប្រាំរយ)ដុល្លារអាមេរិក ។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី១១,០០០ (មួយ ម៉ឺនមួយពាន់ដុល្លារអាមេរិក ដល់១៦,០០០ (មួយម៉ឺនប្រាំមួយពាន់)ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា ។ ជាក់ស្តែងនៅឆ្នាំ២០២៣ បុគ្គលទាំង០៣នាក់ បានសហការគ្នា ដោយជោគជ័យរត់ ការចូលក្របខណ្ឌគ្រូបង្រៀន កម្រិតឧត្តមឲ្យឈ្មោះ គុណ ធារី ភេទប្រុស ជាប់ជាគ្រូបង្រៀន តាមរយៈការ ប្រឡងចូលក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) សម័យប្រឡងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងតម្លៃ១៦,០០០(មួយម៉ឺនប្រាំមួយពាន់)ដុល្លារអាមេរិក ។ ករណីមួយទៀតអ្នកទាំង០៣នាក់ បានរត់ការឲ្យឈ្មោះ ពុធ សំរស់ ភេទប្រុស ចូលក្របខណ្ឌគ្រូបង្រៀន (នៅខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២៣ ប៉ុន្តែប្រឡងមិនជាប់ ហើយបន្តរត់ការប្រឡងចូលក្របខណ្ឌគ្រូជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ នៅសម័យប្រឡងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងតម្លៃ១៦,០០០ (មួយម៉ឺនប្រាំមួយពាន់)ដុល្លារអាមេ រិក ប៉ុន្តែត្រូវកក់ចំនួន១,០០០ (មួយពាន់)ដុល្លារអាមេរិក មុនរង់ចាំប្រកាសលទ្ធផលជាប់ ទើបបង់ប្រាក់ បង្គ្រប់។

ក្រោយពីបានធ្វើការស៊ើបអង្កេតនិងប្រមូលភស្តុតាងរួចមក រកឃើញថា៖ ជនសង្ស័យទាំង ០៣នាក់ ១.ឈ្មោះ និង រុន,២.ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី និង៣.ឈ្មោះ ហ៊ុយ ពិសិដ្ឋ គ្មានសមត្ថកិច្ច និងសិទ្ធិទាល់តែសោះ ក្នុងការជ្រើសរើសមន្ត្រីឲ្យចូលក្របខណ្ឌ បែរជាសហការគ្នា ស្វែងរកបុគ្គល ដែលមានបំណងចូលក្របខណ្ឌ ទាំងដែលពុំមានក្ខខណ្ឌនិងសមត្ថភាពគ្រប់គ្រាន់ ដូចជា ពុំមានសញ្ញាបត្រត្រឹមត្រូវ ដោយហ៊ានរកអ្នកធ្វើសញ្ញាបត្រក្លែង យកមកប្រើប្រាស់ដោយខុសច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាប្រាក់ ។ បុគ្គលឈ្មោះ នង រុន ជាអ្នករៀបចំឯកសារ និងផ្តល់ជូនបេក្ខជននូវវិញ្ញាសារត្រៀមប្រឡងដោយផ្ទាល់ ប្រមូលផ្តុំបេក្ខជន(ក្រុមបេក្ខជន) និងចាត់ចែងរាល់កិច្ចការងារ ពាក់ព័ន្ធនឹងការប្រឡងទាំងអស់សម្រាប់អ្នកចង់ចូលក្របខណ្ឌ ហើយបុគ្គលឈ្មោះ ស៊ុន ពេជ្រសុម៉ា លី និងឈ្មោះ ហ៊ុយ ពិសិដ្ឋ ជាអ្នកស្វែងរកបេក្ខជន ដែលចង់រត់ការចូលក្របខណ្ឌជាគ្រូបង្រៀន។ជា លទ្ធផលជនសង្ស័យទាំង០៣នាក់ ទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ នៃអំពើខាងលើនូវទឹកប្រាក់ចំនួន១៧,០០០(មួយម៉ឺនប្រាំពីរពាន់)ដុល្លារអាមេរិក ក្នុងនោះឈ្មោះ នង រុន ទទួលបានប្រាក់ ចំនួន១២,០០០(មួយម៉ឺនពីរពាន់)ដុល្លារអាមេរិក (ករណីរត់ការឲ្យឈ្មោះ គុណ ធារី ចំនួន១១,០០០ (មួយម៉ឺនមួយពាន់)ដុល្លារអាមេរិក និងប្រាក់កក់របស់ឈ្មោះ ពុធ សំរស់ ចំនួន១,០០០(មួយពាន់) ដុល្លារអាមេរិក) ហើយឈ្មោះ ស៊ុន ពេជ្រសុម៉ាលី និងឈ្មោះ ហ៊ុយ ពិសិដ្ឋ ទទួលបានអត្ថប្រយោជន៍ ដែលនៅសល់ពីការទូទាត់ឲ្យឈ្មោះ នង រុន នូវប្រាក់ចំនួន៥,០០០(ប្រាំពាន់)ដុល្លារអាមេរិក ដោយ ចែកគ្នាម្នាក់ពាក់កណ្តាល គឺម្នាក់ទទួលបានប្រាក់ចំនួន២,៥០០(ពីរពាន់ប្រាំរយ)ដុល្លារអាមេរិក។

បច្ចុប្បន្ន តំណាងអយ្យការបានសម្រេចធ្វើការបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីរួចរាល់។ ដោយឡែក ជនត្រូវចោទទាំង ៣នាក់ ត្រូវបានតំណាងអយ្យការសម្រេចស្នើឱ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នរួចរាល់ផងដែរ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក