ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភាកម្ពុជា។
របៀបវារៈសំខាន់ៗមួយចំនួនដែលបានប្រជុំអនុម័តរួមមាន ការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ការចាត់តាំងក្រុមសមាជិកាព្រឹទ្ធសភា ការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា ការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភារួមទាំងការងារសំខាន់ៗមួយចំនួនទៀត។
សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភាទាំង៦២រូបបោះឆ្នោតជ្រើសតាំងជាប្រធានថ្មីព្រឹទ្ធសភាកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅ៕