ក្រុមហ៊ុន AstraZeneca ផ្អាកផលិតវ៉ាក់សាំងកូវីដ-១៩ និងដកយកវ៉ាក់សាំងរបស់ខ្លួនចេញពីទូទាំងពិភពលោក
សុខភាព៖ នៅថ្ងៃអង្គារ ទី០៧ ខែឧសភានេះ ក្រុមហ៊ុន AstraZeneca បានប្រកាសថា ខ្លួនបានចាប់ផ្តើមដកចេញនូវវ៉ាក់សាំង COVID-19 របស់ខ្លួនដែលកំពុងមានចរាចរណ៍លើទីផ្សារពិភពលោក ដោយអះអាងថាបច្ចុប្បន្ននេះវ៉ាក់សាំងថ្មីៗដែលត្រូវបានផលិតឡើងដើម្បីបង្ការ និងប្រឆាំងនឹងវីរុសរាតត្បាតសកលខាងលើ មានចំនួនច្រើនលើសលុបទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊៊ុនក៏បានបញ្ជាក់ពីការបន្តដកចេញនូវវ៉ាក់សាំង Vaxzevria ចេញពីក្នុងទ្វីបអឺរ៉ុបផងដែរ។
ក្រុមហ៊ុន AstraZeneca បញ្ជាក់ថា "ដោយសារវ៉ាក់សាំងកូវីដ-១៩ ប្រភេទថ្មីៗជាច្រើនត្រូវបានបង្កើតឡើង វាធ្វើឱ្យមានចំនួនច្រើនលើសលុបនូវចំនួនវ៉ាក់សាំងតាមស្ថានភាពបច្ចុប្បន្ន។ ហេតុនេះនាំឱ្យមានការធ្លាក់ចុះនៃតម្រូវការវ៉ាក់សាំង Vaxzevria (អតីត AstraZeneca) ដែលក្រុមហ៊៊ុននឹងបញ្ឈប់ការផ្គត់ផ្គង់ ព្រមទាំងផ្អាកការផលិតវ៉ាក់សាំងនេះតែម្តង"។ គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុនវ៉ាក់សាំងរបស់ចក្រភពអង់គ្លេស និងស៊ុយអែតនេះធ្លាប់បានទទួលស្គាល់ចំពោះមុខតុលាការថា វ៉ាក់សាំងរបស់ខ្លួនអាចបង្កឱ្យមានផលប៉ះពាល់មួយចំនួនដូចជាការកកឈាម និងចំនួនប្លាកែតក្នុងឈាមធ្លាក់ចុះទាបជាដើម។
បើតាមប្រភពពីសារព័ត៌មាន Telegraph បញ្ជាក់ថា ក្រុមហ៊ុនបានដាក់ស្នើឯកសារសម្រាប់ការប្រមូលយកវ៉ាក់សាំងរបស់ខ្លួនវិញកាលពីថ្ងៃទី០៥ ខែមីនា និងអាចអនុវត្តបានជាធរមាននៅថ្ងៃទី០៧ ខែឧសភានេះ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន AstraZeneca ដែលបានចុះបញ្ជីនៅទីក្រុងឡុងដ៍ បានចាប់ផ្តើមងាកទៅរកការអភិវឌ្ឍន៍វ៉ាក់សាំងការពារមេរោគផ្លូវដង្ហើម និងផលិតផលបញ្ចុះទម្ងន់វិញ បន្ទាប់ពីអត្រានៃតម្រូវការវ៉ាក់សាំងកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់កាលពីឆ្នាំ២០២៣ កន្លងទៅ៕