ប្រេស៊ីលមានភាគរយខ្ពស់នាំមុខក្នុងការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ស្ដ្រីពិភពលោកឆ្នាំ២០២៧
ប្រេស៊ីល៖ នៅក្នុងរបាយការណ៍វាយតម្លៃមួយរបស់ FIFA ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅបានបញ្ជាក់ថា ប្រេស៊ីលហាក់កំពុងមានប្រៀបជាងគូប្រជែងក្នុងការដេញថ្លៃធ្វើជាម្ចាស់ព្រឹត្តិការណ៍បាល់ទាត់ស្ដ្រីពិភពលោក FIFA Women's World Cup ២០២៧ ស្របពេលប៊ែលហ្ស៊ិក, អាល្លឺម៉ង់ និងហូឡង់ក៏កំពុងមានបំណងក្នុងការរួមគ្នាដេញថ្លៃធ្វើជាម្ចាស់់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ស្រ្តីធំជាងគេបំផុតលើពិភពលោកនេះផងដែរ។
គួរបញ្ជាក់ថា របាយការណ៍ទាក់ទងនឹងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA Women's World Cup ២០២៧ នេះបានចេញផ្សាយ ស្របពេលដែល FIFA កំពុងត្រៀមរៀបចំមហាសន្និបាតFIFA លើកទី ៧៤ នៅទីក្រុងបាងកក នាថ្ងៃទី១៧ ខែឧសភាខាងមុខនេះ ដែលនឹងសម្រេចថាតើប្រទេសណានឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ស្រ្តីជើងឯកពិភពលោកឆ្នាំ២០២៧។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងម៉ិកស៊ិកបានប្រកាសដកខ្លួនពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោកឆ្នាំ២០២៧ ដោយហេតុផលថាខ្លួននឹងទុកពេលវេលាសម្រាប់ការផ្តោតត្រៀមខ្លួនដេញថ្លៃសាជាថ្មីសម្រាប់ការធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០៣១ វិញ។ ដោយផ្អែកតាមរបាយការណ៍របស់ FIFA ប្រេស៊ីលបានទទួលពិន្ទុ ៤/៥ តាមពីក្រោយដោយការដេញថ្លៃរបស់ប៊ែលហ្ស៊ិក, អាល្លឺម៉ង់ និងហូឡង់ ៣.៧/៥។
នៅក្នុងសេចក្ដីប្រកាសព័ត៌៌មានមួយរបស់ FIFA បញ្ជាក់ថា៖ "ក្រុមការងារវាយតម្លៃការដេញថ្លៃបានកំណត់ថា ការដេញថ្លៃទាំងពីរ (របស់ប្រេស៊ីល និងការដេញថ្លៃរួមគ្នារបស់ប៊ែលហ្ស៊ិក, អាល្លឺម៉ង់ និងហូឡង់) មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការពិចារណាដោយក្រុមប្រឹក្សា FIFA និងមហាសន្និបាត FIFA ដោយសារតែការដេញថ្លៃទាំងពីរមានលក្ខណៈលើសពីតម្រូវការអប្បបរមាសម្រាប់ការធ្វើជាម្ចាស់ផ្ទះ FIFA Women's World Cup ២០២៧ ក្នុងលក្ខណៈនៃការវាយតម្លៃជាលក្ខណៈបច្ចេកទេស"៕