ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះគឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ បានរៀបរាប់ពីដំណើរតស៊ូ របស់សម្ដេច ក៏ដូចជាថ្នាក់ដឹកនាំចាស់ៗ ដែលបាននាំមកនូវសុខសន្តិភាព និងការក៏សាងប្រទេសពីបាតដៃទទេរ និងបានរៀបរាប់ពីការលំបាកនានា ដែលជីដូនជីតា ឬ ឪពុកម្ដាយបានឆ្លងកាត់កន្លងមកក្រោយពីកម្ពុជាឆ្លងកាត់ខ្មែរក្រហមនោះ ។
ក្នុងជំនួបរវាង ឪពុកនិងកូន ឬក៏ដូចជាជីតានិងចៅៗ សម្ដេច បានចោទជាសំនួរចំពោះ និស្សិតជ័យលាភី អាហារូបករណ៍ទាំងអស់ ថាមានចំណាប់អារម្មណ៍យ៉ាងណាចំពោះដំណើរការប្រព្រឹត្តិទៅរបស់រាជរដ្ឋាភិបាលថ្មីអណត្តិទី៧។
ក្រុមនិស្សិត បានសម្ដែងនូវការពេញចិត្តចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីវ័យក្មេង ជំនាន់ថ្មី ដែលបានដំណើរការរយៈពេល៨ខែកន្លងទៅនេះ និងបានវាយតម្លៃខ្ពស់ចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលរក្សាបានកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ អតិផរណាស្ថិតនៅក្នុងការគ្រប់គ្រង អត្រាប្ដូរប្រាក់មានស្ថិរភាព អ្វីៗមានដំណើរការល្អប្រសើរ។
ក្រុមនិស្សិតមានជំនឿយ៉ាងមុតមាំ និងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ជ័យលាភីទាំងអស់ បានប្ដេជ្ញាចិត្តថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានចែករំលែកផងដែរថា ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះគឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយរយៈពេល៨ខែកន្លងទៅនេះ អ្វីៗបានដំណើរការរលូន មិនមានអ្វីដែលគួរអោយព្រួយបារម្មណ៍នោះទេ។
និស្សិតជ័យលាភីទាំង១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចំរុះនានា រួមមានពីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការជាតិ អង្គការអន្តរជាតិ ហើយក្នុងនោះក៏មានធនាគារជាតិកម្ពុជា និងធនាគារ មេប៊ែងផងដែរ។
និស្សិតជ័យលាភីទាំងអស់នេះ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី ទៅបំពេញវិជ្ជាមានរយៈពេលចាប់ពី១ឆ្នាំរហូតដល់២ឆ្នាំកន្លះ ដើម្បីទទួលបានអនុបណ្ឌិតនៅលើមុខជំនាញជាច្រើន រួមមានជាអាទ៍ នីតិសាធារណៈអន្តរជាតិ ការរចនាទីក្រុង វិស័យបរិស្ថាននិងជីវភាព សន្តិសុខអន្តរជាតិ សហគ្រិនភាពនិងនវានុវត្តន៍ សុខភាពសាធារណៈ ការគ្រប់គ្រងព័ត៌មានវិទ្យា សេដ្ឋកិច្ច ការអប់រំ ឧស្សាហកម្មច្នៃប្រឌិត ការគ្រប់គ្រងការអភិវឌ្ឍផ្នែកបរិស្ថាន។ល។
គួរឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ បានទទួលការជូនដំណឹងពី AusAID ដែលជាអង្គការរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការផ្ដល់អាហារូបករណ៍ ហើយក្រសួងអប់រំយុវជន និងកីឡាបានធ្វើសេចក្តីជូនដំណឹងនេះ ដល់គ្រប់ក្រសួង ស្ថាប័នជាសាធារណៈនានា ហើយនិស្សិតមកពីស្ថាប័នមន្ត្រីរាជការ ឬក៏បុគ្គលិកនៃអង្គការផ្សេងៗមានបំណងចង់សិក្សា គឺអាចដាក់ពាក្យសុំ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ACE នេះ ហើយបេក្ខជនដែលជាប់ជាស្ថាពរ បើសិនជាភាសាអង់គ្លេសនៅកម្រិត ត្រូវបន្តរៀនភាសាអង់គ្លេសរយៈពេលមួយឆ្នាំហើយចុងក្រោយនេះត្រូវបានបន្ថយមកនៅរយៈពេល 6 ខែ នៅវិទ្យាស្ថានភាសាបរទេស មុននឹងទៅការសិក្សាជំនាញនៃអាហាររូបករណ៍ដែលទទួលបាន៕