អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងនៅថ្ងៃអង្គារ ទី០៧ ខែឧសភានេះថា វាហាក់ជារឿងដែលមិនអាចទទួលយកបានឡើយសម្រាប់កងទ័ពអូស្រ្តាលីដែលត្រូវប្រឈមនឹងហានិភ័យលើដែនអាកាសអន្តរជាតិ អំឡុងការចូលរួមក្នុងប្រតិបត្តិការមួយក្នុងការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅយន្តហោះចម្បាំងរបស់ចិនមួយគ្រឿងបានបង្កគ្រោះថ្នាក់ដល់ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី ក្នុងអំឡុងហេតុការណ៍មួយនៃការប្រឈមមុខដាក់គ្នាលើសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles និយាយថា យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិនបានបង្កជាហានិភ័យនៅពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលីអំឡុងប្រតិបត្តិការមួយលើសមុទ្រលឿង ដែលជាផ្នែកមួយនៃប្រតិបត្តិការ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។ នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍ លោក Anthony Albanese ថ្លែងថា មកទល់ពេលនេះរដ្ឋាភិបាលចិនមិនទាន់មានការឆ្លើយតបណាមួយលើការលើកឡើងរបស់អូស្រ្តាលីជុំវិញឧប្បត្តិហេតុនេះទេ។
លោក Albanese បានសង្កត់ធ្ងន់ថា អូស្រ្តាលីរំពឹងថានឹងមានការបកស្រាយដ៏សមស្របមួយពីសំណាក់ប្រទេសចិនទាក់ទិនទៅនឹងឧបទ្ទវហេតុនេះ ដោយអូស្រ្តាលីនឹងលើកឡើងពីបញ្ហានេះទៅគ្រប់កម្រិតនៃទំនាក់ទំនងជាមួយចិន។ គួរបញ្ជាក់ថា លោក Li Qiang នាយករដ្ឋមន្រ្តីចិន គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលីនាខែមិថុនាខាងមុខផងដែរ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីបានបន្ថែមថា លោកនឹងបញ្ជាក់គោលជំហររបស់ខ្លួនឱ្យបានច្បាស់លាស់ជាមួយចិនក្នុងការពិភាក្សានេះផងដែរ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលហោះចេញពីនាវាពិឃាត HMAS Hobart របស់អូស្រ្តាលីបានគេចចេញពីអណ្តាតភ្លើង ដែលបន្លាយចេញពីឧទ្ធម្ភាគចក្ររបស់ចិនក្នុងឧប្បត្តិហេតុនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការពារជាតិអូស្រ្តាលីបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានបង្កហានិភ័យយ៉ាងខ្លាំងដល់កម្លាំងកងទ័ពរបស់ខ្លួននៅលើឧទ្ធម្ភាគចក្រនេះ បើទោះបីជាគ្មាននរណាម្នាក់បានរងរបួសក៏ដោយ។
គួរឱ្យដឹងផងដែរថា នេះជាការកើតមាននូវឧបទ្ទវហេតុលើកទី២ហើយ ក្នុងរយៈពេលត្រឹមប្រាំមួយខែប៉ុណ្ណោះ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើង ខណៈភាគីទាំងពីរបានប្រឈមមុខដាក់គ្នាលើបញ្ហាជាច្រើនកន្លងមកផងដែរ៕