សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារចេញសេចក្ដីប្រកាសព័ត៌មានលើការបង្ហោះសាររបស់តារាចម្រៀង Ah Da Sakada
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៦ ខែឧសភានេះ សាលាដំបូងខេត្តព្រះវិហារបានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងនឹងការលើកឡើងរបស់គណនីហ្វេសប៊ុក Ah Da Sakada ដែលគេស្គាល់ថាជាអ្នកនិពន្ធទំនុកច្រៀង និងជាតារាចម្រៀងមួយរូប ដែលបានបង្ហោះសារពាក់ព័ន្ធនឹងចំណាត់ការរបស់អយ្យការអមសាលាដំបូង និងសាលាដំបូងខេត្តព្រះវិហារ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភាកន្លងទៅនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាចម្រៀង Ah Da Sakada បានបង្ហោះសារយ៉ាងដូច្នេះថា៖ "បេីមានរឿង ឬបញ្ហាលេីកក្រោយ ជៀសបានជៀសទៅរឿងប្តឹងផ្តល់ឡេីងតុលាការនេះ ខ្ញុំសូមសម្តែងការអស់ជំនឿចិត្តលេីដំណេីរការរឿងក្តីប៉ុនប៉ងមនុស្សឃាតដោយចេតនាមកលេីរូបខ្ញុំ របស់តុលាការខេត្តព្រះវិហារ ! ខ្ញុំបានដាក់ពាក្យបណ្តឹង អមជាមួយវត្ថុតាងកាំបិតបុ័ងតោដែលជនសង្ស័យព្យាយាមចូលមកកាប់សម្លាប់ខ្ញុំ និងសាក្សីនៅកន្លែងកេីតហេតុតែគ្មានចំណាត់ការណាមួយទៅលេីជនសង្ស័យសោះដោយបណ្តោយអោយជនសង្ស័យដេីរហេីរសេរី អ្វីដែលកាន់តែហួសចិត្តគឺគ្រួសារជនសង្ស័យបានដាក់ពាក្យប្តឹងបកមកខ្ញុំវិញពីបទបរិហារកេរ្តិ៍ជាសាធារណៈ ទាំងដែលដេីមបណ្តឹងអត់នៅក្នុងហេតុការណ៍ហ្នឹងសោះ! ខ្ញុំប្តឹងពីបទប៉ុនប៉ងមនុស្សឃាត តែដីកាចេញមកបែជាបទ “គំរាមគំហែង“ ! ខ្ញុំជាជនរងគ្រោះដាក់ពាក្យបណ្តឹងមុនជនសង្ស័យ តែរឿងក្តីខ្ញុំអូសបន្លាយជាងមួយឆ្នាំមិនទាន់ទទួលបានការជំនុំជំរះ ខុសពីជនសង្ស័យដាក់បណ្តឹងក្រោយខ្ញុំ ក្លែងរឿងពីខ្មៅមកស បែជាទទួលបានការជុំនំជំរះមុនខ្ញុំ ! ប្រាប់ត្រង់ ខ្ញុំអង្គុយសេីចមួយខែហេីយ នៅពេលដែលរឿងអយុត្តិធម៌នេះធ្លាក់មកលេីរូបខ្ញុំព្រោះខ្ញុំធ្លាប់តែឃេីញក្នុងរឿងភាពយន្ត តែថ្ងៃនេះខ្ញុំភ្លឺភ្នែកលេីការអនុវត្តច្បាប់របស់តុលាការយុត្តិធម៌ ! ខ្ញុំអស់ជំនឿចិត្តហេីយ ឱមាតុភូមិដ៏ផូផង់អេីយ អ្នកជាប្រទេសកាន់ព្រះពុទ្ធសាសនា តែហេតុអ្វីបានជាមនសិការបស់មន្រ្តីខ្លះនៅតែមិនមានភាពសច្ចៈទៀងត្រង់សម្រាប់ជាតិមាតុភូមិខ្លួនឯងបែបនេះ ? បេីជាអ្នកអនុវត្តច្បាប់មិនឈរលេីគោលការណ៍យុត្តិធម៌ផង តេីកូនចៅសង្ឃឹមអីទៀត? ត្រូវរស់កំដរថ្ងៃស្លាប់ទាំងគ្មានច្បាប់គ្មានទម្លាប់បែបនេះមែនទេ? បេីPost នេះមិនមែនជាការពិត ខ្ញុំសូមដាក់បណ្តាសារខ្លួនឯងអោយស្លាប់តៃហោងយ៉ាងវេទនា "បេីមានទោសដោយសារពាក្យពិតទាំងនេះ ចាប់ខ្ញុំដាក់គុកចុះ យ៉ាងច្រេីនចេញពីគុកវិញខ្ញុំនឹងប្រាប់កូនចៅតជំនាន់ថា បេីគេដេញកាប់កូន របួសធ្ងន់ប៉ុណ្ណាក៏ដោយ កូនទៅពេទ្យហេីយកុំប្តឹងផ្តល់គេ ប្រយ័ត្នប្តឹងគេហេីយជាប់គុកដូចពុក"។ ក្នុងនាមជាប្រជាជនស្លូតត្រង់ម្នាក់ ខ្ញុំសំណូមពរឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មេត្តាត្រួតពិនិត្យឡេីងវិញលេីការអនុវត្តច្បាប់របស់មន្រ្តីតុលាការ បេីមិនដូចច្នោះទេ ប្រជាជនស្លូតត្រង់នឹងចុះនរកទាំងរស់ហើយ"។
ទាក់ទងនឹងករណីខាងលើនេះ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានធ្វើការបំភ្លឺទាក់ទងនឹងការលើកឡើងនេះថា ចំពោះសំណុំរឿងដែលពាក់ព័ន្ធនឹងឈ្មោះ ទ្រី សក្កដា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ វ៉ាន់ ប៊ីលី ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសំណុំរឿងព្រហ្មទណ្ឌដាច់ដោយឡែកពីគ្នាចំនួន ២គឺ សំណុំរឿងព្រហ្មទណ្ឌលេខ ១១២ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២១៥ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានមានចំណាត់ការដាច់ដោយឡែកពីគ្នាតាមនីតិវិធី។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សាលាដំបូង និងអយ្យការអមសាលាដំបូង បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌទាំងពីរខាងលើបានយ៉ាងត្រឹមត្រូវតាមនីតិវិធីច្បាប់ និងក្នុងអំឡុងពេលសមរម្យដោយមិនអូសបន្លាយនីតិវិធី មិនមានការក្លែងរឿងពីស ទៅខ្មៅ ឬមិនឈរលើគោលការណ៍យុត្តិធម៌ដូចការចោទប្រកាន់នោះឡើយ។
សូមអានសេចក្ដីថ្លែងការណ៍របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារដែលមានខ្លឹមសារលម្អិតដូចខាងក្រោម៖