ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅសារព័ត៌មានខ្មែរនិយមបរទេសឲ្យមានសីលធម៌ក្នុងខ្លួនក្នុងនាមជាខ្មែរខ្លះផងកុំមានបញ្ហាជាមួយសម្ដេចតែយកក្រុមគ្រួសារសម្ដេចជាផ្ទាំងស៉ីបដើម្បីវាយប្រហារ។
សម្ដេចធិបតីថា បើចង់វាយប្រហារសុំត្រឹមវាយប្រហារតែសម្ដេចបានហើយ ព្រោះកូននិងប្រពន្ធ ក្រុមគ្រួសារសម្ដេចពុំមានបញ្ហាអ្វីជាមួយអ្នកទាំងនោះទេ។
សម្ដេចលើកឡើងក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៦ រសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ថា ការប្រឌិតរឿងវាយប្រហារលើភរិយា និងកូនសម្ដេចគឺជារឿងអសីលធម៌បំផុត។
ការលើកឡើងរបស់សម្ដេចគឺបន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មាន The Cambodia Daily បានប្រឌិតរឿងថាអគ្គនាយកគយលោក គុណ ញឹម បានយកលុយទៅសូកប៉ាន់ជំទាវទី១កម្ពុជាដើម្បីបានបន្តការងារដល់ឆ្នាំ២០២៨។
ឆ្លើយតបទៅនឹងការចុះផ្សាយនេះសម្ដេចធិបតីបានចាត់ទុកថាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះបានប្រឌិតឡើង៕