នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលការចុះផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily ដែលបានចុះផ្សាយថាអគ្គនាយកដ្ឋានគយលោក គុណ ញឹម បានសូកប៉ាន់ភរិយារបស់សម្ដេចដើម្បីសុំបន្តការងារទាំងដែលខ្លួនដល់អាយុចូលនិវត្តន៍។
សម្ដេចធិបតីបានលើកឡើងនៅលើហ្វេសបុកផេកផ្ទាល់ខ្លួនរបស់សម្ដេចនៅរសៀលថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះថា៖ «វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ»។
សម្ដេចបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យលោក គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ២០២៨ តាមសំណើរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ។ ហើយក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ សម្ដេចបានពិនិត្យលើគុណសម្បត្តិរបស់លោក គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ សម្ដេចនឹងបន្តគោលការណ៍អនុញ្ញាតជូនលោក គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។
សម្ដេចបានផ្ដាំទៅ The Cambodia Daily ឲ្យ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្ដេចនិងក្រុមគ្រួសារ ជាពិសេសយកឈ្មោះមន្ត្រីដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់អោយលោក គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះសូមកុំដេកស្រម៉ៃ។ ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់សម្ដេចនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ៕