ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់កាសែតប្រឆាំងមួយដែលចុះផ្សាយថា លោក គុណ ញឹម បានយកលុយមកសូកប៉ាន់ភរិយា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨ គឺជារឿងឆោតល្ងង់ និងថា «បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត»។
សម្ដេចតេជោ បានបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ដែលបានបង្ហោះនូវចំណារឯកភាពរបស់នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដែលបានសម្រេចបន្តការងារជូនដល់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោកគុណ ញឹម ធ្វើការបន្តរហូតដល់ឆ្នាំ២០២៨។
សម្ដេចថា៖ «សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយដែលខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ»។
សម្ដេចបញ្ចាក់ថា បន្ថែមលើនោះក្នុងពេលដែលសម្ដេចជានាយករដ្ឋមន្ត្រីក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ៕