ប្រធានាធិបតីកូឡុំប៊ីប្រកាសផ្តាច់ទំនាកទំនងការទូតជាមួយអ៊ីស្រាអែលជុំវិញបញ្ហាសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា
កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បានបញ្ជាក់នៅថ្ងៃទី០១ ខែឧសភាម្សិលមិញនេះថា ប្រទេសកូឡុំប៊ីនឹងកាត់ផ្តាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយអ៊ីស្រាអែល ដែលប្រធានាធិបតីកូឡុំប៊ីអះអាងថា រដ្ឋាភិបាលអ៊ីស្រាអែលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប៊េនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងសកម្មភាពសង្គ្រាមដែលកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សា។
លោកប្រធានាធិបតី Petro ត្រូវគេដឹងថាជាអ្នកដែលបានរិះគន់យ៉ាងចាស់ដៃលើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ក្នុងអំឡុងពិធីជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋធានី បូហ្គោតា (Bogota) បានថ្លែងថា៖ "នៅថ្ងៃព្រហស្បតិ៍ ទំនាក់ទំនងការទូតជាមួយរដ្ឋអ៊ីស្រាអែលនឹងត្រូវកាត់ផ្តាច់ ដោយមូលហេតុ (អ៊ីស្រាអែល) មានរដ្ឋាភិបាល និងមានប្រធានាធិបតី ប្រព្រឹត្តនូវអំពើប្រល័យពូជសាសន៍"។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី Netanyahu គឺជាប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល ខណៈតំណែងប្រធានាធិបតីនៃប្រទេសនេះគឺលោក អ៊ីសាក ហឺហ្សូក (Isaac Herzog)។ គួរបញ្ជាក់ថា សង្គ្រាមបានផ្ទុះឡើងក្រោយការវាយប្រហារដ៏ធំមិនធ្លាប់មានមួយពីសំណាក់ក្រុមហាម៉ាសទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដែលបណ្ដាលឱ្យមនុស្សចំនួន ១,១៧០នាក់បានស្លាប់ក្នុងហេតុការណ៍នេះ។ ជាការឆ្លើយតប អ៊ីស្រាអែលបានចាប់ផ្តើមបើកការវាយប្រហារសងសឹកភ្លាមៗទៅលើតំបន់ហ្គាហ្សា ដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណជា ៣៤,០០០នាក់ហើយ គិតត្រឹមដើមខែឧសភានេះ។
លោក Gustavo Petro បានថ្លែងនៅមុខអ្នកគាំទ្ររាប់ម៉ឺននាក់របស់លោកថា "ពិភពលោកទាំងមូលមិនអាចទទួលយកបានឡើយនូវអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលលើមនុស្សជាតិបែបនេះបានទេ"។ ជាមួយសន្ធឹកនៃគាំទ្រ លោក Petro បានស្រែកបញ្ជាក់ច្បាស់ៗថា៖ "ប្រសិនបើប៉ាឡេស្ទីនស្លាប់ មនុស្សធម៌ក៏នឹងស្លាប់ដែរ"។
ទាក់ទងនឹងការប្រកាសនេះ អ៊ីស្រាអែលបានឆ្លើយតបទៅនឹងសំដីរបស់លោក Petro ថាជា "អ្នកប្រឆាំងនឹងពួកសាសន៍យូដា និងការបង្ហាញភាពស្អប់ខ្ពើម" ដោយលើកឡើងថាទង្វើនេះគឺជាការបង្ហាញការគាំទ្រ និងជាការផ្តល់រង្វាន់ដល់ក្រុមហាម៉ាស។ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតស៍ (Israel Katz) បានថ្លែងលើបណ្ដាញសង្គម X ថា "ប្រវត្តិសាស្ត្រនឹងចងចាំប្រធានាធិបតីកូឡុំប៊ីថាជាអ្នកឈរនៅខាងសត្វចម្លែកដ៏ព្រៃផ្សៃគួរឱ្យស្អប់បំផុតដែលមនុស្សជាតិបានស្គាល់ ដែលជាជនបានសម្លាប់កុមារ រំលោភស្រ្តី និងចាប់ជំរិតជនស៊ីវិលស្លូតត្រង់ជាច្រើននាក់"។
គួររំលឹកថា កូឡុំប៊ីគឺជាប្រទេសចុងក្រោយបង្អស់ដែលបានប្រកាសផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល បន្ទាប់ពីប្រទេសបូលីវៀ, បេលីស និងអាហ្រ្វិកខាងត្បូង៕