ក្រសួងការពារជាតិចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែឧសភាម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីករណីពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព EAC News ទទួលបាន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងការពារជាតិបញ្ជាក់ថា នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទៅ២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងការពារជាតិបានជម្រាបជូនសាធារណជន ព្រមទាំងអ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសឱ្យបានជ្រាបថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួងការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ។
ទន្ទឹមនឹងនេអ ក្រសួងការពារជាតិ សូមស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬ មនចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលនឹងអាចឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕