អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អែនថូនី ប្លីងខិន (Antony Blinken) បានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកឱ្យបានឆាប់រហ័សបំផុតនូវសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់ទាក់ទងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការដោះលែងជាបន្ទាន់នូវចំណាប់ខ្មាំងអ៊ីស្រាអែលដែលកំពុងស្ថិតនៅក្នុងដៃនៃកងទ័ពរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។
អ្នកចរចានៃក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវបានគេរំពឹងថានឹងជួបជាមួយភាគីអ្នកសម្របសម្រួលរបស់កាតា និងអេហ្ស៊ីប នៅឯទីក្រុងគែរដើម្បីផ្តល់ការឆ្លើយតបចំពោះសំណើបទឈប់បាញ់ជាដំណាក់កាលដែលអ៊ីស្រាអែលបានបង្ហាញឡើងកាលពីចុងសប្តាហ៍កន្លងទៅ។
លោក Blinken បាននិយាយនៅក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងរដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីតថា៖ "ក្រុមហាម៉ាសមានរួចជាស្រេចហើយនូវសំណើ (បទឈប់បាញ់) ដែលមានលក្ខណៈវិសេសវិសាលបំផុតមួយជាមួយអ៊ីស្រាអែល"។ លោកបន្តថា៖ "អ្វីដែលស្ថិតក្នុងចន្លោះកណ្ដាលនៃបទឈប់បាញ់សម្រាប់ប្រជាជនក្នុងតំបន់ហ្គាហ្សានោះគឺក្រុមហាម៉ាស ដែលពួកគេត្រូវធ្វើការសម្រេចចិត្តឱ្យបានឆាប់រហ័សបំផុត។ ខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវបំផុត"។
ប្រភពមួយដែលបានសង្ខេបអំពីកិច្ចពិភាក្សាទាក់ទងនឹងខ្លឹមសារនៃបទឈប់បាញ់នេះបានឱ្យដឹងថា សំណើរបស់អ៊ីស្រាអែលដែលក្នុងនោះមានរួមបញ្ចូលនូវកិច្ចព្រមព្រៀងមួយស្នើឱ្យដោះលែងចំណាប់ខ្មាំងប្រហែល ៤០នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រមាណ ១៣០នាក់ ដែលត្រូវបានគេជឿថានៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សាជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ឃុំក្នុងពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល។ ដំណាក់កាលទីពីរនៃបទឈប់បាញ់នឹងមានកំណត់ "រយៈពេលនៃភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព" ដែលជាការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការទាមទាររបស់ក្រុមហាម៉ាស់ឱ្យអនុវត្តនូវបទឈប់បាញ់ជាអចិន្ត្រៃយ៍។
គួរបញ្ជាក់ថា ចំណាប់ខ្មាំងសរុបចំនួន ២៥៣នាក់ត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាដែលក្នុងនោះជនជាតិអ៊ីស្រាអែលប្រហែល ១,២០០នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍នេះផងដែរ។ ក្រោយហេតុការណ៍នេះ អ៊ីស្រាអែលបានប្រកាសសងសឹកទៅលើក្រុមហាម៉ាសដោយបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ហ្គាហ្សា និងបណ្ដាលឱ្យបាត់បង់ជិវិតមនុស្សសរុបប្រមាណ ៣៤,៥០០នាក់។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដាវីដ កាមេរុន (David Cameron) ដែលស្ថិតនៅក្នុងទីក្រុង Riyadh សម្រាប់កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកបានហៅពណ៌នាសំណើរបស់អ៊ីស្រាអែលថាជាសំណើដែលមានលក្ខណៈ "ល្អប្រសើរ និងសប្បុរស" និងបានជំរុញឱ្យក្រុមហាម៉ាសទទួលយកសំណើនេះ។ លោកថ្លែងថា សំណើដែលបានដាក់ចេញដោយអ៊ីស្រាអែលបានរួមបញ្ចូលនៅបទឈប់បាញ់រយៈពេល ៤០ថ្ងៃ ការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ក៏ដូចជាចំណាប់ខ្មាំងរបស់អ៊ីស្រាអែលផងដែរ៕