ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថាព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលពង្រឹងបាននូវឯករាជ្យ និងអធិបតេយ្យជាតិ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានចេញញាត្តិគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោដោយថាជាគម្រោងដែលនឹងធ្វើឱ្យកម្ពុជាពង្រឹងបាននូវឯករាជ្យ អធិបតេយ្យដែលជាឧត្តមប្រយោជន៍ស្នូលរបស់ប្រជាជាតិខ្មែរ។
ក្នុងញាត្តិគាំទ្រចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា“គម្រោងព្រែកជីកហ្វូណន-តេជោ” គឺជាគម្រោងប្រវត្តិសាស្ត្រដែលនឹងផ្តល់ផលប្រយោជន៍ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន ជូនជាតិ និងប្រជាជនកម្ពុជា។ ដោយលើកឡើងពីសារសំខាន់នេះការបើកផ្លូវទឹកទៅកាន់សមុទ្រកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីបង្ហាញជំនឿថា ព្រែកជីកនេះនឹងជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន ព្រមទាំងការជំរុញដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការទាក់ទាញការវិនិយោគពីបរទេស បង្កើតឱ្យមានតំបន់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិសេស, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងទេសចរណ៍ ព្រមទាំងការបង្កើតប្រភពទឹក និងជាកន្លែងជួយរំដោះទឹកជំនន់ក្នុងរដូវវស្សាជាដើម។
លោកថា៖ «គម្រោងព្រែកជីក ហ្វូណន-តេជោ” ត្រូវបានចាត់ទុកថាជាគម្រោងប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅក្នុងយុគសម័យថ្មីរបស់កម្ពុជា ដែលមិន ត្រឹមតែបម្រើនូវឧត្តមប្រយោជន៍ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានខាងផ្នែកសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ គឺជា គម្រោងដែលពង្រឹងបាននូវឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាឧត្តមប្រយោជន៍ស្នូលរបស់ប្រជាជាតិខ្មែរផងដែរ។
ដោយផ្អែកលើសារៈសំខាន់នៃ “គម្រោងព្រែកជីកហ្វូណន-តេជោ” នេះ តំណាងឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់លោក កើត រិទ្ធ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងព្រែកជីកហ្វូណន-តេជោឱ្យលេចចេញជា រូបរាងឡើងនាពេលខាងមុខនេះ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។
ថ្លែងនៅក្នុងពិធីបិទសន្និបាតសមាគមន៍ឧកញ៉ាកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគាំទ្រចំពោះគម្រោងដ៏មានអត្ថប្រយោជន៍នេះ ដោយថាវានឹងផ្ដល់ផលប្រយោជន៍ដ៏ច្រើនជូនជាតិប្រជាជន ហើយកម្ពុជានឹងនៅតែធ្វើទោះបីជាមានការតវ៉ាពីប្រទេសវៀតណាមក្ដី៕