សម្ដេចព្រះមហាក្សត្រីផ្ញើព្រះរាជសារចូលរួមរម្លែកទុក្ខគ្រួសារយោធិនដែលពលីក្នុងហេតុការណ៍ផ្ទុះឃ្លាំងអាវុធនៅកំពង់ស្ពឺ
ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រីកម្ពុជា ព្រះវររាជមាតា នរោត្តមមុនិនាថ សីហនុ ផ្ញើព្រះរាជសាររម្លែកទុក្ខដល់ក្រុមគ្រួសារសពយោធិនពលីទាំង២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងអាវុធនៅបន្ទាយភូមិភាគ៣ ខេត្តកំពង់ស្ពឺ។
ក្នុងព្រះរាជសារាឡាយព្រះហស្ថលេខាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចព្រះមហាក្សត្រីកម្ពុជា មានព្រះទ័យរន្ធត់ឥតឧបមាចំពោះឧបទ្ទវហេតុនេះ និងបានចាត់ទុកការពលីរបស់យោធិនគឺជាសកម្មភាពក្នុងបេសកម្មបម្រើជាតិ មាតុភូមិ និងសួមឱ្យវិញ្ញានក្ឋន្ធយោធិនទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះព្រះអង្គក៏បានជូនពរដល់យោធិនដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ។
គួរឱ្យដឹងថាឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស៕