សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ពិព័ណ៌រថយន្តដ៏ធំប្រចាំឆ្នាំបានបើកជាផ្លូវការដោយមានមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ

ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍រថយន្តខ្នាតធំដំបូងគេនៅកម្ពុជាត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយមានការអញ្ជើញបើកដោយផ្ទាល់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។

អគ្គនាយក ដឹ ព្រីមៀ សេនធ័រ សែនសុខ អ្នកឧកញ៉ា សេង ញ៉ក់ បានថ្លែងក្នុងពិធីបើកពិព័ណ៌នៅព្រឹកនេះថា ការអភិវឌ្ឍន៍នៅកម្ពុជាបានទាក់ទាញក្រុមហ៊ុនរថយន្តជាច្រើនមកកម្ពុជាដែលបានបង្កើតជាជម្រើសដ៏ច្រើនជូនប្រជាពលរដ្ឋ ដូច្នេះពិព័ណ៌រថយន្តនៅថ្ងៃនេះបានផ្ដល់នូវភាពងាយស្រួលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត ក៏ដូចជាដឹងកាន់តែលំអិតថែមទៀតលើប្រភេទរថយន្តដែលពួកគេចាប់អារម្មណ៍ ម្យ៉ាងទៀតក៏ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន និងអ្នកចែកចាយរថយន្តបង្កើតទំនាក់ទំនងល្អជិតស្និតជាមួយអតិថិជន ជំរុញការប្រើប្រាស់រថយន្តថ្មីតាមបច្ចេកវិទ្យាថ្មីៗ រួមទាំងបង្ហាញនូវសេវាកម្មថែទាំ គុណភាព សុវត្ថិភាព និងតម្លៃនៃរថយន្តនិមួយៗ។

លោកថា៖ «យើងខ្ញុំទទួលស្គាល់ដោយអស់ពីចិត្តអំពីការចូលរួមរបស់ដៃគូសហការទាំងអស់ដែលបានវិនិយោគទាំងពេលវេលានិងថវិការក្នុងការរៀបចំកម្មវិធីទាំងមូលនេះឡើង។ យើងខ្ញុំជាងអ្នកផ្ដួចផ្ដើមនឹងរៀបចំព្រឹត្តិការណ៍នេះប្ដេជ្ញាផ្សព្វផ្សាយនិងប្រមូលអ្នកទស្សនាឱ្យបានច្រើនគ្រប់ទិសទីនិងញាំងឱ្យកម្មវិធីនេះមានភាពអធិកអធមឱ្យសាកសមទៅនឹងការគាំទ្ររបស់អ្នកឧបត្ថម្ភនិងដៃគូសហការទាំងអស់»។

មានម៉ាករថយន្តម៉ាកល្បីៗជាច្រើនចូលរួមការតាំងបង្ហាញនៅថ្ងៃនេះរួមមានក្រុមហ៊ុន៖ TOYOTA, FORD, BYD, Hyundai, GWM , Mitsubishi, AiQar, Chevrolet, Land Rover, GAC, Tesla, ChangAn, Liberty Carz, Neta, Peugeot, Aion។ ក្រៅពីនេះ ភ្នាក់ងាធនាគារជាច្រើននឹងរងចាំផ្តល់ប្រឹក្សាយោបល់ដល់អតិថិជនដែលមានការចាប់អារម្មណ៍បញ្ជាទិញ ហើយពិធីនោះក៏នឹងមានក្រុមហ៊ុនជាច្រើនទៀតដែលពាក់ព័ន្ធផលិតផលរថយន្តចូលរួមផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកជំទាវ ចម និម្មល បានថ្លែងថាបានបង្ហាញពីសេដ្ឋកិច្ច និងកម្លាំងទិញរបស់កម្ពុជាផងដែរក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែរីកចម្រើន និងតម្រូវការប្រើប្រាស់រថយន្តកាន់តែច្រើន។ លោកស្រីបានបង្ហើបថាដោយសារ អំណាចនៃការបញ្ជាទិញ និងអំណោយផលនៃភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា បច្ចុប្បន្នមានរោងចក្រផលិតរថយន្តចំនួន៨ហើយដែលបានបើកប្រតិបត្តិការនៅកម្ពុជា និងត្រៀមបើកជាច្រើនថែមទៀតផងដែរ។

លោកជំទាវមានប្រសាសន៍ថា៖ «ការរៀបចំពិព័ណ៌រថយន្តពេលនេះជាឱកាសបង្កើតនូវភាពទាក់ទាញអតិថិជនឱ្យងាកមកប្រើប្រាស់រថយន្តថ្មីៗជំនួសឱ្យរថយន្តដែលប្រើប្រាស់រួចនាំចូលមកពីក្រៅប្រទេសឆ្លុះបញ្ចាំងបានឃើញពីកម្រិតជីវភាពកាន់តែប្រសើររបស់ប្រជាពលរដ្ឋហើយព្រឹត្តិការណ៍នេះក៏ជាការបង្ហាញអំពីទំនុកទុកចិត្តរបស់វិស័យឯកជនលើការវិនិយោគបណ្ដាក់ទុនរកស៊ីបង្កើតការងារជូនប្រជាពលរដ្ឋរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់រដ្ឋាភិបាល»។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យយានយន្តនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងបើកទូលាយឱ្យមានការវិនិយោគក្នុងប្រទេសកម្ពុជាដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ និងឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាព្រឹត្តិការណ៍ពិព័ណ៌រថយន្តដែលរៀបចំដោយក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ នេះគឺជាការរួមចំណែកពីផ្នែកឯកជនក្នុងការបង្ហាញពីសក្ដានុពលរបស់ប្រទេសកម្ពុជា ជាពិសេសគឺការរីកចម្រើនយានយន្តនៅកម្ពុជា និងសង្ឃឹមថាគំនិតផ្ដួចផ្ដើមនៃពិព័ណ៌នេះនឹងកើតមានឡើងជាបន្តបន្ទាប់ទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖ «ខ្ញុំសូមជូនពរការតាំងពិព័ណ៌នេះគឺជោគជ័យលើសពីការរំពឹងទុក ហើយនឹងអាចឈានដល់ការរៀបចំជាប្រចាំដែលជាការផ្សារភ្ជាប់រវាងក្រុមហ៊ុនផលិត អតិថិជន និងទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកផងដែរ។ ខ្ញុំសូមឱ្យជឿជាក់លើបរិយាកាសវិនយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រទេសយើងតូច១៦លាននាក់មែនតែកម្លាំងទិញរបស់យើងមិនធម្មតាទេ! ប្រជាជនខ្មែរចាយណាស់មិនធម្មតាទេ» ។

ព្រឹត្តិការណ៍ពិព័រណ៍រថយន្តខ្នាតធំនេះចាប់ដំណើរការពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់ ដោយបើកឱ្យចូលរួមទស្សនាដោយសេរី អមដោយការប្រគុំតន្ត្រីពីតារាល្បីៗ ដូចជាលោក ខេមរៈ សិរីមន្ត, កញ្ញា តន់ ចន្ទ័សីមា, ក្រុមលោក លីម តិចម៉េង , ក្រុមកំប្លែង នាយ ពាក់មី។

អតិថិជនដែលចូលរួមទស្សនាការតាំងពិព័ណ៌នឹងទទួលបានការប្រឹក្សាយោបល់ភ្លាមៗ ហើយនឹងទទួលបានវត្ថុអនុស្សាវរីយ៍ពីបណ្តាក្រុមហ៊ុននានា ពិសេសនឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ រាល់ការបញ្ជាទិញរថយន្តនៅតាមស្ទង់របស់ក្រុមហ៊ុននីមួយៗ។

ក្រៅពីនោះ ក្រុមហ៊ុន ឃីត ផារ៉ាដាយ នឹងរៀបចំសួនកំសាន្តសម្រាប់កុមារ ( Playground) លេងកំសាន្តដោយឥតគិតថ្លៃ ព្រមទាំងមានការផ្ដល់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗដោយក្រុមហ៊ុន សេង ហុកហេង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ដៃគូរសហការចូលរួមតាំងពិព័រទាំងអស់ និងអតិថិជនចូលរួមទស្សនាផងដែរ៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក