ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅលោក សម រង្ស៊ី ដែលបានរិះគន់កម្ពុជាទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោដោយចោទជាសំណួរក្នុងន័យថាតើសម រង្ស៉ី នៅខាងប្រយោជន៍កម្ពុជា ឬវៀតណាម?
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានហៅដោយចំឈ្មោះលោក សម រង្ស៊ី ដែលបានរិះគន់ថាគម្រោងព្រែកជីកហ្វូណនតេជោជាការធ្វើដោយតក់ក្រហល់ និងប៉ះពាល់ដល់បរិស្ថានថាបើលោក សម រង្ស៉ី «អត់ដឹងខ្យល់កុំនិយាយ»។
សម្ដេចថា គម្រោងព្រែកជីកដ៏ធំនេះរដ្ឋាភិបាលបានធ្វើការសិក្សាដល់ទៅ២៦ខែ ដោយជួលអ្នកជំនាញជាង៥០នាក់មកសិក្សា ហើយរដ្ខាភិបាលកម្ពុជាក៏គិតពីបរិស្ថានធម្មជាតិរបស់ខ្លួនដែរ។
សម្ដេចថា បើសិនជាបរទេសរិះគន់លើគម្រោងនេះវាមិនជាបញ្ហានោះទេ តែវាជាបញ្ហានៅពេលដែលជនជាតិខ្មែរដូចគ្នារិះគន់ពីគម្រោងដែលជាប្រយោជន៍សម្រាប់ជាតិរបស់ខ្លួននេះ។
សម្ដេចធិបតីថា៖ «កាលពីដើមខែអ្នកវិភាគវៀតណាមពីររូបនៅវិទ្យាស្ថានរបស់វៀតណាមថាគម្រោងនេះធ្វើទៅដើម្បីបម្រើប្រយោជន៍ប្រទេសចិន។ ឥឡូវ សម រង្ស៊ី ខ្លួនឯងទៅគាំទ្រនូវអ្វីដែលគេធ្វើដើម្បីប្រឆាំងនៅប្រយោជន៍ខ្មែរ។ តើអ្នកឯងស្រលាញ់ជាតិខ្មែរ ឬអ្នកឯងប្រឆាំងជាតិខ្មែរសួរឲ្យច្បាស់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថាគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងដ៏ធំ ហើយអ្នកដែលសម្រេចនៅក្នុងការសាងសង់នេះគឺជាអ្នកទទួលខុសត្រូវប្រវត្តិសាស្ត្រដ៏ធំផងដែរ។ដូច្នេះរដ្ឋាភិបាលកម្ពុជានិងមិនធ្វើឲ្យធ្វេសប្រហែសចំពោះជាតិនោះទេ។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។
ថ្លែងនៅក្នុងពិធីបិទសន្និបាតសមាគមន៍ឧកញ៉ាកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគាំទ្រចំពោះគម្រោងដ៏មានអត្ថប្រយោជន៍នេះ ដោយថាវានឹងផ្ដល់ផលប្រយោជន៍ដ៏ច្រើនជូនជាតិប្រជាជន ហើយកម្ពុជានឹងនៅតែធ្វើទោះបីជាមានការតវ៉ាពីប្រទេសវៀតណាមក្ដី៕