សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់
រាជធានីភ្នំពេញ៖ នារាត្រីថ្ងៃទី២៧ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតមួយច្បាប់ចូលរួមរំលែកមរណទុក្ខជូនទៅកាន់ក្រុមគ្រួសារយោធិនពលី និងយោធិនដែលបានរងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់មួយកន្លែង ស្ថិតនៅក្នុងទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។
ក្នុងសារលិខិតរំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ "ខ្ញុំមានក្តីរន្ធត់ក្ដុកក្ដួលក្រៃលែង បន្ទាប់ពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស"។
សម្តេចបញ្ជាក់បន្ថែមថា៖ "ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ"។
សម្តេចតេជោក៏បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយផងដែរ៕