ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា ហ៊ុន សែន បានប្រកាសពីជំហរមិនចរចាជាមួយនឹងវៀតណាមរឿងព្រែកជីកហ្វូណន់តេជោនោះទេ ដោយថាព្រែកនេះនៅតែជីកហើយកម្ពុជាបានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គរួចហើយទោះបីជាសមាជិកនោះព្រមឬមិនព្រមក្ដី។
ការបញ្ជាក់ជំហរយ៉ាងរឹងមាំរបស់លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងការលើកឡើងរបស់វិទ្យាស្ថានរដ្ឋវៀតណាមមួយដែលបានលើកឡើងថាការសាងសង់ព្រែកជីកនេះធ្វើឲ្យប៉ះពាល់ទៅដល់ចរន្តទឹកបរិស្ថាននៅក្នុងប្រព័ន្ធទឹកទន្លេមេគង្គចូលសមុទ្រ។
ប្រធានព្រឹទ្ធសភាបានលើកឡើងថា កម្ពុជាមិនល្ងង់ដល់ថ្នាក់នេះនោះទេ ដោយថាការសាងសង់ព្រែកជីកនេះគឺមានទ្វារទឹកត្រឹមត្រូវដែលមិនធ្វើឲ្យប៉ះពាល់ឬមានលំហូរទឹកសមុទ្រអាចហូរចូលលាយទឹកសាបនោះដែរ។
លោកថា៖ «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ! សុំបញ្ជាក់។ ខ្ញុំយកការសម្រេច ៤៧ឆ្នាំនៃការសម្រេចចិត្ត ហ៊ុន សែន មិនដែលសម្រេចចិត្តខុសម្ដងណានោះទេ»។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។
លោកប្រធានព្រឹទ្ធសភា ហ៊ុន សែន បានបញ្ជាក់បន្ថែមថាការសាងសង់នឹងត្រូវធ្វើទៅមុខដោយគ្មានចរចារជាមួយនឹងវៀតណាមនោះទេ។
លោកថា៖ «ហើយខ្ញុំសុំបញ្ជាក់ណា៎! គ្មានត្រូវការចរចាអីទៀតទេ! និយាយគ្នាត្រង់ៗកុំហៅកម្ពុជាទៅចរចា»។
លោកបានអានកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលថា ត្រូវជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គមុនពេលចាប់ផ្ដើមគម្រោង កិច្ចព្រមព្រៀងមិនតម្រូវឲ្យភាគីហត្ថលេខីស្វែងរកការពិគ្រោះយោបល់ឬការយល់ព្រមពីប្រទេសហត្ថលេខីផ្សេងទៀតបើយើងប្រើប្រាស់ដៃទន្លេមេគង្គ។
លោក ហ៊ុន សែន ថាព្រែកជីកហ្វូណន់តេជោគឺការជីកដៃនៃដៃទន្លេមេគង្គដែលជីកចេញពីទន្លេបាសាក់ភ្ជាប់ទៅប្រព័ន្ធស្ទឹង និងព្រែកដែលមានស្រាប់តែប៉ុណ្ណោះ។
អ្វីដែលជាការកត់សម្គាល់នោះគឺការបញ្ចាក់ពីជំហរដ៏រឹងមាំរបស់លោក ហ៊ុន សែន នាពេលនេះគឺបន្ទាប់ពីមានទស្សនកិច្ចពីតំណាងប្រទេសនៅផ្នែកខាងលើនៃទន្លេមេគង្គចំនួនពីរមកកាន់កម្ពុជាដែលរួមមានរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និងប្រធានរដ្ឋឡាវលោក ថងលុន ស៊ីសុលីត កាលពីសប្តាហ៍មុន។
ក្នុងជំនួបរវាងលោក វ៉ាង យី និងប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី២២ ខែមេសា នៅវិមាន៧មករា លោក វ៉ាង យី បានលើកឡើងថាប្រទេសចិននៅតែជាដៃគូរដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ជាមួយនឹងការសន្យាថាចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនលោក ហ៊ុន សែន និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀត។
ដោយឡែកលោក ថងលុន ស៉ីសូលីត ថាលោកគាំទ្រការជីកព្រែកហ្វូណនតេជោ និងបានបញ្ជាក់ចំពោះមុខនាយករដ្ឋមន្ត្រីថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ៕