ក្រិក៖ នាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis ថ្លែងថា ប្រទេសក្រិកមិនអាចផ្តល់ប្រព័ន្ធការពារដែនអាកាសដូចជា 'Patriots' ឬ S-300 ដល់អ៊ុយក្រែននោះឡើយ ដែលការថ្លែងបែបនេះគឺជាការឆ្លើយតបទៅនឹងសម្ពាធពីសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ ក្នុងការទាមទារឱ្យមានការបញ្ជូនជំនួយយោធាបន្ថែមទៀតទៅកាន់ទីក្រុងគៀវ។
ស្របពេលដែលរុស្សីបានបង្កើនការវាយប្រហារតាមអាកាសលើអ៊ុយក្រែន រដ្ឋាភិបាលនៃបណ្ដាប្រទេសនៃសហភាពអឺរ៉ុបកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារបន្ថែមទៀតដល់ទីក្រុង Kyiv ជាពិសេសប្រទេសមួយចំនួនដូចជាក្រិក និងអេស្ប៉ាញដែលមានកំពុងមានប្រព័ន្ធអាកាសបែបនេះនៅក្នុងឃ្លាំងអាវុធរបស់ពួកគេស្រាប់។
រដ្ឋមន្ត្រីសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងមានតម្រូវការជាបន្ទាន់ធ្វើយ៉ាងណាអាចផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសមួយចំនួនបន្ថែមទៀត ប៉ុន្តែជាក់ស្តែងប្រទេសមួយចំនួនបានផ្អាកនូវការផ្តល់ឱ្យនូវប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែនដែលកំពុងមានតម្រូវការចាំបាច់បំផុតនៅពេលនេះ។
នៅក្នុងបទសម្ភាសន៍មួយតាមរយៈទូរទស្សន៍ Skai TV កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Mitsotakis ថ្លែងថា៖ "ក្រិកនឹងមិនបញ្ជូន S-300 ឬ Patriot ទៅអ៊ុយក្រែនទេ"។ លោកបន្ថែមថា៖ "ក្រិកត្រូវបានស្នើឱ្យផ្តល់នូវប្រព័ន្ធការពារនេះ (ទៅឱ្យអ៊ុយក្រែន) ប៉ុន្តែយើងបានពន្យល់ពីមូលហេតុដែលយើងមិនអាចធ្វើការផ្តល់ឱ្យបាន"។ លោកបានបញ្ជាក់បន្ថែមថា ប្រព័ន្ធទាំងនេះ "មានសារៈសំខាន់ណាស់ចំពោះសមត្ថភាពរារាំងការពារដែនអាកាសរបស់យើង" ។
គួរបញ្ជាក់ថា បញ្ហាការពារជាតិគឺជាចំណុចដ៏រសើបបំផុតមួយនៃរដ្ឋាភិបាលក្រិក ដោយសារភាពតានតឹងដែលកើតមានជាមួយតួកគី ជាពិសេសភាពតានតឹងជាមួយរដ្ឋាភិបាលអភិរក្សនិយម។ យ៉ាងណាក្ដី កន្លងមកក្រិកក៏ធ្លាប់បានបញ្ជូននូវគ្រាប់រ៉ុក្កែត, គ្រឿងផ្ទុះ, យាន IVFs គ្រាប់រំសេវ និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះជាច្រើនទៅកាន់អ៊ុយក្រែនផងដែរ៕