ចិន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរមកដល់សាធារណរដ្ឋប្រជាមានិតចិនតាំងពីថ្ងៃពុធកន្លងទៅ និងបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនជាច្រើន រួមទាំងជំនួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅឯមហាវិមានរដ្ឋប្រជាជន ស្ថិតក្នុងរដ្ឋធានីប៉េកាំង។
ជំនួបនេះត្រូវបានអ្នកវិភាគជាច្រើនសុទ្ធតែរំពឹងទុកដូចគ្នាថា ភាគីទាំងពីរនឹងមានជំនួបសម្តែងការគួរសមប្រកបដោយភាពទន់ភ្លន់ ប៉ុន្តែភាពតានតឹងមួយចំនួនទំនងជានឹងកើតមាន។ គួរបញ្ជាក់ថា អំឡុងខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីចិនក៏ធ្លាប់បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកផងដែរ ដោយកាលនោះលោក Xi Jinping បានហៅទំនាក់ទំនងរវាងចិន និងអាមេរិកថា "ជាដៃគូជាជាងគូប្រជែង" និងស្នើឱ្យសហរដ្ឋអាមេរិកទទួលយក "ទស្សនៈវិជ្ជមាននៃការអភិវឌ្ឍន៍របស់ប្រទេសចិន"។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងចេញនូវការព្រមានមួយនៅក្នុងជំនួបរបស់លោកជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Anthony Blinken ដោយសួរថា "តើប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែបន្តឆ្ពោះទៅរកទិសដៅត្រឹមត្រូវនៃការផ្លាស់ប្តូរឆ្ពោះទៅមុខដោយស្ថិរភាព ឬត្រឡប់ទៅការធ្លាក់ចុះនៃទំនាក់ទំនងវិញ?"
គួរបញ្ជាក់ថា បញ្ហាជម្លោះសេដ្ឋកិច្ច និងការប្រឈមដ៏យូរអង្វែងលើរឿងរ៉ាវនៃកោះតៃវ៉ាន់ ព្រមជាមួយបញ្ហាប្រឈមក្នុងសមុទ្រចិនខាងត្បូង ទំនងជានឹងមានដាក់នៅលើតុចរចា ខណៈសេចក្ដីព្រាងការអនុម័តច្បាប់ទាក់ទងនឹងការបញ្ជូនកញ្ចប់ជំនួយទៅកាន់កោះតៃវ៉ាន់ពីអាមេរិក ព្រមជាមួយការដាក់បំរាមលើ TikTok អាចនឹងត្រូវសភាអនុម័តឆាប់ៗ៕