
សម្តេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា និងឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ២០០លានរៀល
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនូវការឧបត្ថម្ភដ៏ថ្លៃថ្លាជាទឹកប្រាក់ចំនួន ២០០លានរៀលដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដែលជាថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងផ្តល់នូវកិត្តិយសដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដោយផ្ទាល់ផងដែរ។
នៅលើបណ្ដាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា៖ "ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ"។
"អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ 3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន"។
សម្តេចតេជោក៏បានអំពាវនាវឱ្យសប្បុរសជនចូលរួមជួយជាថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា ខណៈសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសចូលរួមជាថវិកាចំនួន ២០០លានរៀល។ សម្តេចក៏បានបញ្ជាក់ថា ក្នុងករណីសប្បុរសជនចង់ចូលរួមឧបត្ថម្ភជាថវិកាតាមរយៈសម្តេចតេជោផ្ទាល់ សូមទាក់ទងទៅលោក សេង ទៀង តាមរយៈលេខទូរស័ព្ទ ០១២ ៩៦១ ៩៧១។
គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រុមបាល់ទាត់ចំនួន ៤ នឹងរួមគ្នារៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌រួមគ្នាមួយនាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានសមាសភាពក្រុមចូលរួមដូចជា ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars), ក្រុមបាល់ទាត់ប្លុកហ្គឺអលស្តារ (Blogger All Star), ក្រុមបាល់ទាត់ បាល់ទះ អេស អេន អ៉ី និងក្រុមបាល់ទាត់ គុនខ្មែរ៕