នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ និងបន្ថែមជំនួយទៅកាន់អ៊ុយក្រែន
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak នៅថ្ងៃអង្គារ ទី២៣ ខែមេសាបានប្រកាសពីការផ្តល់មូលនិធិបន្ថែមទៅកាន់អ៊ុយក្រែន និងបានសន្យាថានឹងបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិរបស់ចក្រភពអង់គ្លេសផងដែរ។ ការថ្លែងបែបនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកបានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានី Warsaw ប្រទេសប៉ូឡូញ។
លោក Sunak បានថ្លែងថា ចក្រភពអង់គ្លេសនឹងផ្តល់កញ្ចប់ថវិកាចំនួន ៥០០លានផោន (ប្រមាណជា ៦២២លានដុល្លារអាមេរិក) ក្នុងការផ្តល់មូលនិធិយោធាបន្ថែមទៅកាន់រដ្ឋធានី Kyiv អំឡុងកិច្ចពិភាក្សាការងាររបស់លោក ជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk រួមជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។ មិនត្រឹមតែប៉ុណ្ណោះ លោក Sunak បញ្ជាក់់ថា ចក្រភពអង់គ្លេសក៏នឹងបង្កើនការចំណាយលើវិស័យការពារជាតិជាដំណាក់កាលបន្តបន្ទាប់រហូតដល់ ២,៥ភាគរយនៃ GDP សរុបនាឆ្នាំ២០៣០។
រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា ការកើនឡើងនៃចំណាយលើពី ២,៣ភាគរយនៃ GDP សរុបនឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រទេសកំពូលមួយដែលចំណាយលើវិស័យការពារជាតិច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសទាំង ៣២ ដែលជាសមាជិកនៃអង្គការណាតូ។ បណ្ដាប្រទេសជាសមាជិកណាតូក៏កំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិផងដែរ ជាពិសេសក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងការគំរាមកំហែង តួយ៉ាងដូចជាបញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ព្រមទាំងការប៉ះទង្គិចគ្នាជាហូរហែរនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Sunak ថ្លែងថា៖ "ខ្ញុំជឿជាក់ថាយើងត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីការពារប្រទេស ព្រមជាមួយផលប្រយោជន៍ និងគុណតម្លៃរបស់យើង"។ លោកបានបញ្ជាក់បន្ថែមផងដែរថា ការបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិរបស់់អង់គ្លេសនាពេលនេះ នឹងក្លាយជាការពង្រឹងវិស័យការពារជាតិដ៏ធំបំផុតក្នុងយុគសម័យបច្ចុប្បន្ន។ ការប្រកាសរបស់នាយករដ្ឋមន្រ្តីរូបនេះមានន័យថា ចក្រភពអង់គ្លេសនឹងចំណាយថវិកា ៨៧ពាន់លានផោនលើវិស័យការពារជាតិនៅឆ្នាំ២០៣០-២០៣១ ដែលកើនឡើងជា ២៣ពាន់លានផោនបើធៀបនឹងការចំណាយនាពេលបច្ចុប្បន្ន៕