អង់គ្លេស៖ អ្នកចាត់ការក្លិបបាល់ទាត់អង់គ្លេស Manchester City លោក Pep Guardiola បាននិយាយជុំវិញការចាកចេញពីក្លិបនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ស្របពេលដែលកិច្ចសន្យារបស់លោកជាមួយក្លិបនឹងអ់សុពលភាពនាពេលនោះ។
Pep Guardiola ទំនងជាសំរាកពីអាជីពជាគ្រូបង្វឹកក្លិបអាជីពមួយរយៈពេលសិន ដោយលោកនឹងសំឡឹងលើឱកាសដឹកនាំក្រុមជម្រើសជាតិណាមួយជំនួសវិញ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ "សំរាប់គោលដៅបន្ទាប់របស់ខ្ញុំ នឹងអាចជាក្រុមជម្រើសជាតិវិញ ប្រសិនបើមានឱកាសអាចទៅរួចណាមួយ"។ នេះបើយោងតាមការដកស្រង់សម្តីពីសារព័ត៌មានអេស្ប៉ាញ MARCA។
អ្នកចាត់ការវ័យ ៥០ឆ្នាំខាងលើបានលើកឡើងថា៖ "បន្ទាប់ពីចំណាយពេល ៧ឆ្នាំនៅទីនេះ (Man City) ខ្ញុំគិតថាគួរតែដល់ពេលសម្រាកមួយរយៈ។ ប៉ុន្តែ! ប្រសិនបើក្នុងកំឡុងពេលសម្រាកនេះ មានការផ្តល់សំណើរ ឬឱកាសណាមួយសម្រាប់ខ្ញុំ ខ្ញុំក៏នឹងរីករាយសាកល្បងផងដែរ។ ខ្ញុំមានបំណងចង់ដឹកនាំក្រុមនៅព្រឹត្តិការណ៍បាល់ទាត់ EURO ឬ Copa America ឬបើអាចក្រុមណាមួយក្នុងយុទ្ធនាការ FIFA World Cup ហើយខ្ញុំពិតជាចង់ទទួលបានបទពិសោធន៍នេះ"។
គួរបញ្ជាក់ថា គ្រូបង្វឹកដែលជាអតីតខ្សែបម្រើរូបនេះ បានចាប់ផ្តើមអាជីពដឹកនាំដំបូងជាមួយ ក្លិប Barcelona នៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ មុននឹងមកកាន់ Bayern Munich នៅឆ្នាំ២០១៣ និងចុងក្រោយមកដឹកនាំក្លិបអង់គ្លេស Manchester City ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ លោកធ្លាប់ដឹកនាំក្រុមធំៗទាំងនេះឈ្នះពានជាច្រើនដូចជា លីគកំពូលអេស្ប៉ាញ ៣ដង លីគកំពូលអាល្លឺម៉ង់ ៣ដង លីគកំពូលអង់គ្លេស ៣ដង និងពាន UEFA Champions League ២ដង ខណៈជាមួយ Manchester City គោលដៅធំបំផុតរបស់លោក គឺការដឹកនាំក្រុមគ្រងជើងឯកអឺរ៉ុប UEFA Champions League៕