ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ លោក ហេង សួរ និង នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) លោក តាកិស៊ិ អុខាមិ បានជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។
កិច្ចជួបពិភាក្សា និងសម្តែងការគួរសម រាយការណ៍ពីវឌ្ឍនភាពនេះ ធ្វើឡើងនៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។
គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។
ទន្ទឹមនោះ រដ្ឋមន្ត្រីការងារ បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។
គួរឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមាន ស្គរឆៃយ៉ាំ ឧបករណ៍ទ្រ មុខស្វា មុខត្លុកជាដើម។
ភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕