ឯកសារសំខាន់ៗត្រូវបានចុះហត្ថលេខាក្រោយបញ្ចប់កិច្ចប្រជុំគណៈ កម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែល ដឹកនាំដោយលោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយា ល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុ ប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ ឯកសារសំខាន់ៗមួយចំនួន ត្រូវបានចុះហត្ថលេខា។ យោងតាមការឱ្យដឹងពីក្រសួងព័ត៌មាន។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារដើម្បី ពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ឯកសារសំខាន់ៗទាំងនោះរួមមាន ១. ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។ ២. វិញ្ញា បន បត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា។ ៣. ពិធីសារទាក់ទងនឹង ការ ធ្វើ ចត្តាឡីស័ក និងលក្ខខ័ណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពី ស្បែក គោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ទន្ទឹមនេះដែរ ក៏មានពិធីសម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដីប្រពៃណី និងទំនៀម ទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជា ទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន។
គួរឱ្យដឹងដែរថា លោក WANG Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយា ល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលបីថ្ងៃ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹង មិត្ត ភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការ កសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជន ទាំងពីរ៕