សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកាណាដាបានលាលែងពីតំណែង និងចាកចេញពីទឹកដីកាណាដា

កាណាដា៖ តាមប្រភពព័ត៌មានមួយបានចុះផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកាណាដា លោក Cong Peiwu ដែលបំពេញការងារតាំងពីឆ្នាំ២០១៩ បានលាលែងពីមុខតំណែង និងចាកចេញពីកាណាដាត្រឡប់ទៅកាន់ប្រទេសចិនវិញបាត់ទៅហើយ។ យ៉ាងណាក្ដី ជុំវិញព័ត៌មានលម្អិត​បន្ថែម​អំពី​មូល​ហេតុ​ដែល​ឯកអគ្គរដ្ឋទូតចិនរូបនេះលាលែងចេញពីមុខតំណែង មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ពោលគឺស្ថានទូតចិនប្រចាំរដ្ឋធានីអូតាវ៉ា (Ottawa) ប្រទេសកាណាដា ពុំមានការឆ្លើយតបណាមួយជុំវិញបញ្ហានេះឡើយ។

ក្រសួងការបរទេសចិនទើបតែបានបញ្ជាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសកាណាដា លោក David Morrison ក្នុងអំឡុងការបំពេញទស្សនកិច្ចនៅប្រទេសចិន ខណៈភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងការទូតរវាងចិន និងកាណាដា ព្រមទាំងបញ្ហាមួយចំនួនទៀតដែលជាបញ្ហាប្រឈម និងជាក្ដីបារម្ភរួមគ្នា។ គួរបញ្ជាក់ថា ដំណឹងនៃការលាលែងពីតំណែង និងចាកចេញពីទឹកដីកាណាដារបស់ឯកអគ្គរដ្ឋទូតចិននេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Globe និង​ DailyMail ដែលបានឱ្យដឹងថា ដំណឹងនៃការលាលែងរបស់លោក Cong Peiwu កាលពីថ្ងៃទី០៩ ខែមេសា បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់ស្ថានទូតចិនប្រចាំកាណាដាទាំងមូល។ 

គួរឱ្យដឹងដែរថា ទំនាក់ទំនងការទូតរវាងចិន និងកាណាដាបានធ្លាក់ចូលទៅក្នុងភាពតានតឹងបណ្ដើរៗចាប់តាំងពីឆ្នាំ២០១៨ អំឡុងពេលសមត្ថកិច្ចកាណាដាបានឃុំខ្លួនលោកស្រី Meng Wanzhou ដែលជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍យក្ស Huawei របស់ចិនតាមដីកាបង្គាប់របស់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប ជនជាតិកាណាដាចំនួន ២រូបគឺលោក Michael Spavor និង Michael Kovrig ក៏ត្រូវបានចាប់ឃុំខ្លួនដោយអាជ្ញាធរដោយអាជ្ញាធរចិនវិញដូចគ្នា។ គួរបញ្ជាក់ថា ចិនបានឃុំខ្លួនបុរសទាំងពីរនាក់ខាងលើជាង ១,០០០ថ្ងៃ ដែលបញ្ហានេះបានក្លាយជាចំណុចស្នូលនៃវិបត្តិការទូតរវាងកាណាដា-សហរដ្ឋអាមេរិក ជាមួយរដ្ឋាភិបាលចិន ដែលក្រោយមកបុគ្គលទាំងពីររូបខាងលើត្រូវបានដោះលែង ក្នុងពេលតែមួយជាមួយនឹងការបញ្ឈប់ការធ្វើបត្យាប័នរបស់ក្រសួង​យុត្តិធម៌​អាមេរិក និងការដោះលែងប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei។ 

ក្រៅពីបញ្ហាខាងលើនេះ រដ្ឋាភិបាលប្រទេសទាំងពីរ (កាណាដា-ចិន) ក៏ធ្លាប់មានការខ្វែងគំនិតគ្នាផងដែរ ជុំវិញបញ្ហាច្បាប់សន្តិសុខជាតិនៅហុងកុង ក៏ដូចជាការចោទប្រកាន់ថាចិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់កាណាដា ដែលក្រោយមករដ្ឋាភិបាលចិនបានចេញមុខច្រានចោលការចោទប្រកាន់នេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក