សាលាដំបូងរាជធានីភ្នំពេញថ្លែងការណ៍លើករណីចុះផ្សាយព័ត៌មានទាមទារប្រាក់ ២០០០ដុល្លារជាថ្នូរនឹងការដោះលែង
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យម្សិលមិញនេះបានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីករណីការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ទាក់ទងទៅនឹងការបង្ហោះសារដែលមានខ្លឹមសារថា "តើអ្នកណាទារលុយ ២០០០ដុល្លារដើម្បីជាថ្នូរដោះលែងប្តី"?
បើតាមសេចក្ដីថ្លែងការណ៍លេខ ១០២ សបព/២៤ ចុះថ្ងៃអាទិត្យ ទី២១ ខែមេសាម្សិលមិញនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ២១៣៥ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ លន ឡុង ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ។ ក្រោយពីបានស្តាប់ចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចរាល់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ លន ឡុង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យសុំការពារសិទ្ធិឱ្យជនត្រូវចោទ និងសុំថតចម្លងសំណុំរឿងរបស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ និងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងបានទទួលពាក្យសុំដកពាក្យបណ្តឹងរបស់ឈ្មោះ អោក កុសល ជាអ្នកតំណាងឱ្យភាគីបើកបរម៉ូតូ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដោយមានជំនួយការមេធាវីជាអ្នកយកពាក្យសុំមកដាក់ តែមកដល់ពេលនេះចៅក្រមស៊ើបសួរពុំទាន់បានទទួលពាក្យសុំឱ្យដោះលែងនៅក្រៅឃុំដើម្បីពិនិត្យចាត់ការតាមនីតិវិធីច្បាប់នៅឡើយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ផ្អែកតាមការសាកសួរព័ត៌មានដោយផ្ទាល់ពីប្រពន្ធជនត្រូវចោទ, មេការឡាន, ថៅកែឡាន រួមទាំងមេធាវីបានឆ្លើយបញ្ជាក់យ៉ាងច្បាស់ថា ការទារលុយចំនួន ២០០០ដុល្លារអាមេរិកនេះ គឺប្រពន្ឋជនត្រូវចោទថាបានឮពីមេការឡាន ហើយមេការឡានថាបានឮពីថៅកែឡាន ហើយថៅកែឡានថាបានឮពីមេធាវី ហើយមេធាវីបានទទួលស្គាល់ថាពិតជាបានទារលុយ ២០០០ដុល្លារអាមេរិក ដែលលុយចំនួន ២០០០ដុល្លារអាមេរិកនោះ គឺជាលុយថ្លៃសេវាកម្មមេធាវី។
សាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា នៅក្នុងរឿងនេះពុំមានចៅក្រម ក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងណាម្នាក់បានជួប និងទារលុយពីអ្នកពាក់ព័ន្ធខាងលើ ដើម្បីជាថ្នូរក្នុងការដោះលែងជនត្រូវចោទនោះទេ៕