បន្ទាយមានជ័យ: ពលរដ្ឋខ្មែរនៅផ្សាររោងក្លឿ (ប្រទេសថៃ) ចំនួន២២៧នាក់ (ស្រី១១២នាក់ ) ត្រូវបានអគ្គកុងស៊ុលកម្ពុជា រួមជាមួយនឹងសមត្ថកិច្ចថៃ ជួយសម្របសម្រួលបញ្ជូនត្រលប់មកកម្ពុជាវិញ នៅបរិវេណច្រកទ្វារទី១ ផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ រួមនឹងកម្លាំងទាហានថៃបានចុះសម្របសម្រួលពលរដ្ឋខ្មែរដែលស្នាក់នៅក្នុងផ្សាររោងក្លឿ ដែលមានបំណងចង់ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា ដោយសារតែខេត្តស្រះកែវ ត្រូវបានប្រកាសបិទខ្ទប់ជាពិសេសផ្សាររោងក្លឿបន្ត១៤ថ្ងៃទៀត អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានសុំកិច្ចសហការពីកងរយទី១២០១ ក្នុងការសម្របសម្រួលបង្កលក្ខណៈងាយស្រួលឲ្យដល់ពលរដ្ឋខ្មែរត្រលប់មកកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា។
ជាមួយគ្នានោះមេបញ្ជាការកងរយទី១២០១របស់ថៃ រួមជាមួយអគ្គកុងស៊ុលរបស់កម្ពុជា ប្រចាំខេត្តស្រះកែវ បានត្រៀមរថយន្តក្នុងការដឹកជញ្ជូនប្រភេទកង់១០ចំនួន១គ្រឿង រថយន្តកង់៦ចំនួន១គ្រឿង នឹងរថយន្ត ភិកអាប់ចំនួន៤គ្រឿង មកទទួលពលរដ្ឋខ្មែរខាងលើចំនួន២២៧នាក់ បញ្ជូនទៅស្រុកគោកឃ្យូង ជាប់ព្រំដែនកម្ពុជា-ថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការពិនិត្យសុខភាព យកសំណាក់តេស្តរកកូវីដ-១៩ មុនបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក៕