អាមេរិក៖ បងប្អូនស្រីត្រកូល Williams ដែលមានឈ្មោះល្បីល្បាញក្នុងប្រភេទកីឡាវាយកូនបាល់ ពោលគឺ Serena Williams និង Venus William បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ Grand Slam : US Open ដោយហេតុផលរៀងៗខ្លួន។
កីឡាការិនីវ័យ ៤១ឆ្នាំ Venus Williams បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍នេះ បន្ទាប់ពីបានលើកហេតុផលនៃការរងរបួសជើង ពោលគឺរយៈពេល ១ម៉ោងប៉ុណ្ណោះក្រោយការប្រកាសដកខ្លួនរបស់ប្អូនស្រីនាង។ កីឡាការិនី Serana Williams ដែលជាប្អូនស្រី បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា នាងចង់មានពេលសម្រាកសម្រាប់ខ្លួនឯងឱ្យបានច្រើនបន្តិច ក្រោយពីនាងបានទទួលរងរបួសនូវបញ្ហារហែកសរសៃពួរ។
ក្រោយការប្រកាសដកខ្លួនរបស់បងប្អូនស្រីទាំងពីរនាក់នេះ បានធ្វើឱ្យព្រឹត្តិការណ៍ Grand Slam : US Open ក្លាយជាព្រឹត្តិការណ៍វាយកូនបាល់ធំបំផុតមួយ ដែលមិនមានវត្តមានកីឡាការិនីត្រកូល Williams ជាលើកដំបូង រាប់តាំងពីឆ្នាំ២០០៣មក។
មិនត្រឹមតែកីឡាការិនីប៉ុណ្ណោះទេ ការប្រកួតផ្នែកបុរសឯណោះវិញក៏មាននូវការអវត្តមានពីសំណាក់កីឡាករសំខាន់ផងដែរដូចជា Roger Federer ,Rafael Nadal និងអ្នកការពារតំណែងជើងឯក Dominic Thiem។
ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam : US Open នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនចាប់ពីថ្ងៃទី៣០ ខែសីហាខាងមុខនេះ ខណៈការប្រកួតនឹងធ្វើឡើងនៅមជ្ឈមណ្ឌលជាតិកីឡាវាយកូនបាល់ USTA Billie Jean King នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕