ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាអនុញ្ញាតអោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រឹកសុក្រ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក Pierre Tami ត្រូវបានគេស្គាល់ថាមានឈ្មោះ សែន សិលា ជាឈ្មោះភាសាខ្មែរ ផ្ដល់ដោយសម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជានាយករដ្ឋមន្ត្រី ដែលជាការទទួលស្គាល់នូវស្នាដៃដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្នលោក សែន សិលា គឺជាសហគ្រិនសង្គម។

សម្ដេចតេជោ ហ៊៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ នៅដាវូស ប្រទេសស្វីស។

លោក សែន សិលា បានគោរពអរគុណសម្តេចតេជោជាអនេក ដែលសម្ដេចបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតអោយលោកមានកិត្តិយស ចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ លោក សិលា បានគោរពអបអរសាទរចំពោះសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះ។ រំលឹកពីពេលវេលាដែល លោក សិលា និង កូនស្រី បានជួបសម្តេចតេជោដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម លោកបានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាយ៉ាងច្បាស់នូវភាពជោគជ័យរបស់សម្តេចតេជោក្នុងការកសាងកម្ពុជា ចាប់តាំងទសវត្ស៨០មកឱ្យទទួលបាននូវសន្តិភាពពេញលេញ និង កំពុងស្ថិតនៅក្នុងសករាជថ្មីនៃការអភិឌ្ឍកាន់តែរីកចម្រើនឥតឈប់ឈរ។

លោក សែន សិលា ពិតជាមានក្តីសប្បាយរីករាយ និងបានគោរពអរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកបានបម្រើការងារជូនសម្តេច និង ប្រទេសកម្ពុជា ជាពិសេសជួយកុមារកម្ពុជា ដោយបានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាការអមដំណើរគណៈប្រតិភូកម្ពុជាទៅដាវូស ប្រទេសស្វីសជាច្រើនលើក ។

លោក សែន សិលា បានបន្តទៀតថា លោកពិតជាមានកិត្តិយសណាស់ដែលបានធ្វើការជាមួយថ្នាក់ដឹកនាំវ័យក្មេងដូចជា ឯកឧត្ដម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងវិស័យបដិសណ្ឋាកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោករីករាយណាស់ដែលឃើញកម្ពុជាបានកសាងធនធានមនុស្សមានយុវជនវ័យក្មេងដឹកនាំ និងនាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស។ នៅពេលនេះ សេដ្ឋកិច្ចរបស់កម្ពុជាជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាតឱ្យឈានទៅសម្រេចគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០។ ទោះបីជាពេលនេះ មានការផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ លោកមានបំណងចង់បម្រើសម្តេចតេជោបន្តទៀត និងសូមទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេច។

ជាកិច្ចឆ្លើយតប សម្តេចតេជោបានអរគុណ លោក សិលា ដែលបានរំឮកអំពីអតីតកាលនៃការជួបលោកនិង កូនស្រី នៅ១៩៩៧ នៅកំពង់សោម។ សម្តេចតេជោបានបញ្ជាក់ថា យើងបានទទួលនូវសុខសន្តិភាព និង ស្ថិរភាពជាង ២៥ឆ្នាំហើយ គិតចាប់ពីឆ្នាំ១៩៩៨ មក។ កាលពី៨ខែមុន សម្តេចតេជោ បានសម្រេចចិត្តផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មី ហើយជាលទ្ធផលមរតកសន្តិភាពនៅតែមានបន្ត ហើយកំណើនសេដ្ឋកិច្ចក៏នៅតែមានបន្តផងដែរ។ គណៈរដ្ឋមន្ត្រីថ្មី ធ្វើការយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និងកំពុងបន្តជំរុញការអភិវឌ្ឍន៍។

សម្តេចតេជោ បានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេចបានកំណត់អាទិភាពសំខាន់ចំនួន ៤ គឺ << ទឹក ផ្លូវ ភ្លើង មនុស្ស >> បន្ទាប់មក កាលពីជាង១០ឆ្នាំមុននេះ សម្តេចតេជោ ក៏បានប្ដូរដាក់មនុស្សមកជាអាទិភាពទី១ វិញ។ ដោយឡែក រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណជាមុំ "បច្ចេកវិទ្យា" និង បានដាក់គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១.៥ លាននាក់ ហើយសេដ្ឋកិច្ចកម្ពុជាគឺពឹងផ្អែកទៅលើចំណេះដឹង និងចំណេះជំនាញ។

សម្តេចតេជោ ក៏បានអរគុណ លោក សែន សិលា ដែលបានជួយបណ្តុះបណ្តាលជំនាញខាងបដិសណ្ឋាកិច្ចកន្លងមក និង លើកទឹកចិត្តឱ្យបន្តការបណ្ដុះបណ្ដាលនេះបន្ថែមទៀតទៀត។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមស្នើតែងតាំង លោក សែន សិលា ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក