ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែមេសានេះបានប្រកាសពីវត្តមានរបស់ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
តាមសេចក្ដីប្រកាសព័ត៌៌មានដដែលបានឱ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ រដ្ឋមន្ត្រីការបរទេសចិនក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និង អន្តរជាតិដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដូចមានភ្ជាប់ខាងក្រោម៖