មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីទីតាំងភ្នំភ្លើង Ruang នៅឥណ្ឌូណេស៊ី ខណៈអាជ្ញាធរព្រមានពីរលកយក្សស៊ូណាមិ
ឥណ្ឌូណេស៊ី៖ នៅថ្ងៃទី១៨ ខែមេសានេះ ក្រុមភ្នាក់ងារសង្គ្រោះរបស់ឥណ្ឌូណេស៊ីកំពុងមមាញឹកក្នុងការជម្លៀសមនុស្សរាប់ពាន់នាក់ ក្រោយពីភ្នំភ្លើងមួយកន្លែងបានផ្ទុះឡើងផ្ទួនៗគ្នាចំនួន ៥ដង រហូតបណ្ដាលឱ្យអាជ្ញាធរបង្ខំចិត្តផ្អាកដំណើរការព្រលានយន្តហោះនៅជិតទីតាំងភ្នំខាងលើ ព្រមទាំងព្រមានពីថ្មដែលធ្លាក់ពីការផ្ទុះនេះអាចបង្កឱ្យមានជារលកស៊ូណាមិផងដែរ។
រណ្ដៅភ្នំភ្លើង Ruang បានឆាបឆេះអមដោយផ្ទៃមេឃដែលពោរពេញដោយផ្គរ រន្ទះពេញមួយយប់ម្សិលមិញ ខណៈមានការផ្ទុះផ្ទួនៗចំនួន ៤ដងកាលពីថ្ងៃពុធ ដែលធ្វើឱ្យអាជ្ញាធរបង្ខំចិត្តបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធសុវត្ថិភាពរបស់ឥណ្ឌូណេស៊ី។ ទីតាំងភ្នំភ្លើងខាងលើនៅតែបន្តបញ្ចេញផ្សែងយ៉ាងខ្មួលខ្មាញ់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈអាជ្ញាធរបានប្រកាសបិទព្រលានយន្តហោះនៅក្នុងទីក្រុង Manado លើកោះ Sulawesi នេះរយៈពេល ២៤ម៉ោងផងដែរ។
អាជ្ញាធរបានមមាញឹកក្នុងការជម្លៀសមនុស្សប្រមាណ ១១,០០០នាក់ចេញពីតំបន់ក្បែរនោះ ស្របពេលដែលអ្នកស្រុកបានប្រញាប់ប្រញាល់ចាកចេញពីលំនៅដ្ឋានរបស់ខ្លួនទាំងភាពស្លន់ស្លោ។ បើតាមមន្រ្តីនៃភ្នាក់ងាររុករក និងសង្គ្រោះបានបញ្ជាក់ថា មនុស្សម្នាក្នុងតំបន់បានសម្រុកចាកចេញទាំងយប់ដោយគ្មានគោលដៅ ក្នុងស្ថានភាពព្រួយបារម្ភអំពីភ្នំភ្លើង ព្រមទាំងដុំថ្មដែលហោះលើអាកាស និងធ្លាក់មកក្បែរទីតាំងនេះ។
គួរបញ្ជាក់ថា អាជ្ញាធរក្នុងតំបន់ក៏បានហាមឃាត់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ឱ្យនៅឆ្ងាយពីទីតាំងកើតហេតុយ៉ាងតិច ៦គីឡូម៉ែត្រ ស្របពេលមានការព្រមានអំពីមហន្តរាយនៃរលកយក្សស៊ូណាមិផងដែរ៕