តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ
ខេត្តព្រះវិហារ៖ ករណីសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនសង្ស័យឈ្មោះ ទឹម ហ៊ុន ភេទប្រុស មុខរបរព្រះសង្ឃ បានលួងលោម និងផ្តល់ប្រាក់ដល់ជនរងគ្រោះ ភេទស្រី អាយុ០៩ឆ្នាំ យកទៅរួមភេទនៅក្នុងកុដិរបស់ខ្លួនបានចំនួន០៩លើក នៅចំណុចវត្តគិរីកស្សបារាម ហៅវត្តភ្នំកន្ធាយ ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សម្រេចចោទប្រកាន់លើជនសង្ស័យជាព្រះសង្ឃ ពីបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ តាមមាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៣កន្លងទៅ មានការផ្ទុះឡើងនូវករណីចោទប្រកាន់ទៅលើព្រះសង្ឃព្រះនាម ទឹម ហ៊ុន ជាចៅអធិការវត្តគិរីកស្សបារាម ហៅវត្តភ្នំកន្ធាយ ជុំវិញករណីលួងលោម និងរំលោភសេពសន្ថវៈទៅលើក្មេងស្រីវ័យ ១៤ឆ្នាំម្នាក់ និងវ័យ ០៩ឆ្នាំម្នាក់។ សូមបញ្ជាក់ផងដែរថា ករណីសំណុំរឿងខាងលើ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ក៏បានចេញលិខិតជូនដំណើងជូនមន្ទីរធម្មការ និងសាសនា ខេត្តព្រះវិហារ អំពីចំណាត់ការលើជនសង្ស័យឈ្មោះ ទឹម ហ៊ុន ភេទប្រុស មុខរបរចៅអធិការវត្តគីរីកស្សបារាម ហៅវត្តភ្នំកន្ធាយ នេះរួចរាល់ផងដែរ៕