អង់គ្លេស៖ ទីបំផុតក្រុមកាំភ្លើងធំ Arsenal បានស្គាល់នូវជ័យជម្នះលើកដំបូងក្នុងរដូវកាល ២០២១/២០២២ នេះ ក្រោយបំបាក់ក្រុមនៅលីគទី២ West Brom យ៉ាងចាស់ដៃ ៦-០ ក្នុងការប្រកួតពានលំដាប់ទី៣ EFL Carabao Cup កាលពីយប់មិញ។
ក្រៅតែពីជាជ័យជម្នះលើកដំបូង នេះក៏ជាការប្រកួតដែល Arsenal រកបានគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះផងដែរ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតកន្លងទៅនៅក្នុងក្របខណ្ឌ Premier League ត្រូវបានគូប្រកួតស៊ុតចូល ៤គ្រាប់ និងពុំទាន់ស៊ុតចូលវិញមួយគ្រាប់នៅឡើយ។
៦ គ្រាប់របស់ Arsenal យប់មិញនេះ រកបានដោយ Pierre-Emerick Aubameyang ៣គ្រាប់ម្នាក់ឯងនៅនាទីទី១៦, ៤៤ និង ៦១ ខណៈ ៣គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Alexandre Lacazette, Nicolas Pepe និង Bukayo Saka។
លទ្ធផលជ័យជម្នះធំៗផ្សេងទៀតកាលពីយប់មិញនៃពានរង្វាន់ EFL Carabao Cup រួមមាន Barrow ០-៦ Aston Villa, Norwich ៦-០ AFC Bournemouth និង Newport County ០-៨ Southampton ជាដើម។
លទ្ធផលសំខាន់ៗនៃការចាប់ឆ្នោតជុំទី៣ នៃពាន EFL Cup រួមមាន Manchester United ជួប West Ham, Norwich City ជួប Liverpool, Chelsea ជួប Aston Villa, Man City ជួបក្រុមលីគទី៣ Wycombe Wanderer , Arsenal ជួប Wimbledon និង Wolve ជួប Tottenham Hotspurs ជាដើម ដោយការប្រកួតជុំទី៣ នឹងបន្តការប្រកួតចាប់ពីថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ៕