រដ្ឋបាលរាជធានីភ្នំពេញ ៖ គ្រប់ទីផ្សារ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទក្នុង "តំបន់លឿង" ត្រូវលក់ជាលក្ខណៈវេចខ្ចប់ដាច់ខាត
ភ្នំពេញ : អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញជាគោលការណ៍សម្រាប់ "តំបន់ក្រហម" ដែលរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែក អាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវតែផ្អាកជាបណ្តោះអាសន្ន ឯចំណែក “តំបន់លឿងទុំ" វិញ ចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរ ប៉ុន្តែជាលក្ខណៈវេចខ្ចប់។
ចំពោះ "តំបន់លឿង" ក៏អាជ្ញាធរបានដាក់កំហិតដល់គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់ដាច់ខាត មិនត្រូវទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ដោយត្រូវអនុវត្តរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ និងត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្តីណែនាំនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានថា ក្នុងករណីរកឃើញថាគណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយមិនព្រមសហការ ឬមិនអនុវត្តតាមសេចក្ដីណែនាំត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។
ការចេញនូវវិធានការនេះ ដោយសារអាជ្ញាធររាជធានីភ្នំពេញយល់ឃើញពីភាពចាំបាច់ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឱ្យសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទក្នុង “តំបន់លឿង“ អាចដំណើរការទៅដោយសុវត្ថិភាព ចៀសវាងការឆ្លងរាលដាលជំងឺកូរីដ-១៩ បន្ថែមទៀត ក្នុងអំឡុងពេលនៃការបិទខ្ចប់៕