រដ្ឋមន្រ្តីការពារជាតិអាមេរិក-ចិនពិភាក្សាការងារជាលើកដំបូងបង្អស់ ក្រោយខកខានទំនាក់ទំនងតាំងពីជំនួបកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា
អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានជជែកជាមួយសមភាគីរដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun តាមរយៈបណ្ដាញទូរសព្ទកាលពីថ្ងៃទី១៦ ខែមេសាម្សិលមិញនេះ ដែលភាគីទាំងពីរបានជជែកលើកិច្ចពិភាក្សាសំខាន់ៗក្នុងជំនួបជាលើកដំបូងរវាងថ្នាក់ដឹកនាំនៃវិស័យការពារជាតិរបស់មហាអំណាចទាំងពីរក្នុងរយៈពេល ១៨ខែចុងក្រោយ។
សហរដ្ឋអាមេរិកបាននិងកំពុងធ្វើកិច្ចការងារជាច្រើនក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន ក៏ប៉ុន្តែអាមេរិកក៏ហាក់នៅតែមានបំណងចង់រក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ ធ្វើយ៉ាងណាជៀសវាងឱ្យបាននូវភាពតានតឹងដោយផ្ទាល់ក្នុងទំនាក់ទំនងភាគីទាំងពីរ។
មន្ទីរបញ្ចកោណអាមេរិកក្នុងសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹងថា៖ "មន្រ្តីនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងវិស័យការពារជាតិអាមេរិក និងចិន ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហាប្រឈមរបស់ពិភពលោក។ លោករដ្ឋមន្រ្តី Austin ក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើសារៈសំខាន់នៃការបន្តបើកបន្ទាត់នៃទំនាក់ទំនងរវាងយោធាអាមេរិក និងចិន"។
ដោយឡែក ភាគីចិនបានពណ៌នាកិច្ចពិភាក្សារវាងប្រទេសទាំងពីរថាជាការ "បង្កើនទំនុកចិត្ត" គ្នាទៅវិញទៅមករវាងមហាអំណាចទាំងពីរ។ បើតាមសេចក្តីប្រកាសរបស់ចិនបានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិរបស់ខ្លួនបានថ្លែងទៅកាន់រដ្ឋមន្រ្តីការពារជាតិអាមេរិក ចិននិងអាមេរិកគួរតែតម្កល់តម្លៃសន្តិភាពធំបំផុត ហើយស្ថិរភាពគឺជាកត្តាសំខាន់បំផុត។ លោក Dong Jun ថ្លែងថា "វិស័យយោធាគឺជាគន្លឹះដើម្បីធ្វើឱ្យស្ថិរភាពនៃការអភិវឌ្ឍទំនាក់ទំនង ព្រមទាំងជាគន្លឹះការពារវិបត្តិធំៗមិនឱ្យកើតឡើង"។
មិនត្រឹមតែប៉ុណ្ណោះ ចិនក៏បានព្រមានទៅកាន់អាមេរិកអំពីបញ្ហាពាក់ព័ន្ធទៅនឹងកោះតៃវ៉ាន់ ដែលចិនបានបញ្ជាក់ថានេះគឺជាផលប្រយោជន៍ស្នូលរបស់ខ្លួន។ រដ្ឋមន្រ្តីការពារជាតិចិនក៏បានស្នើឱ្យអាមេរិក គោរពលើគោលជំហរប្រទេសរបស់លោកជុំវិញបញ្ហាដែនសមុទ្រចិនខាងត្បូងផងដែរ។ លោក Dong បញ្ជាក់ថា “ភាគីអាមេរិកគួរតែទទួលស្គាល់ជំហររឹងមាំរបស់ចិន ហើយត្រូវគោរពអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង ហើយមានត្រឹមវិធានការជាក់ស្តែងដើម្បីការពារសន្តិភាពក្នុងតំបន់”។
គួរបញ្ជាក់ថា ជំនួបរវាងថ្នាក់ដឹកនាំវិស័យយោធានៃមហាអំណាចទាំងពីរលើកចុងក្រោយបង្អស់កើតមានឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលណោះរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជជែកជាមួយសមភាគីរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe៕