នាយករដ្ឋមន្រ្តីអរគុណមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរគុណដល់ មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលចូលរួមបំពេញភារកិច្ច និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។
តាមរយៈសាររបស់សម្តេចធិបតី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់សូមថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។
សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងភ្ងៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ។
សម្តេចធិបតីបានគូសបញ្ជាក់ថា កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជីនពរដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព បន្ទាប់ពីវិលត្រលប់ពីការសម្រាកឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕