ភ្នំពេញ៖ នៅម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទង់ជាតិផ្ទៃពណ៌ក្រហម និងរូបប្រាសាទកំពូលបីពណ៌លឿង នៅចំកណ្ដាល ត្រូវបានបង្ហូតឡើងជំនួសទង់ជាតិខ្មែរសាធារណៈរដ្ឋដែលមានន័យថារបបលោកប្រធានាធិបតី លន់ នល់ នៅកម្ពុជាបានចប់ហើយ។
ប្រជាជនដែលរងគ្រោះ និងធុញទ្រាន់នឹងសង្គ្រាមអស់រយៈពេលជាង៥ឆ្នាំមកក៏បានបង្ហាញក្ដីសប្បាយរីករាយ ដោយសង្ឃឹមថាសន្តិសុខ សន្ដិភាពនឹងកើតឡើងវិញលើទឹកដីក៏កម្សត់នេះ។ តែក្ដីសង្ឃឹមនេះត្រូវបានបានបាត់បង់ទៅវិញតែប៉ុន្មានប៉ុណ្ណោះក្រោយខ្មែរក្រហមប្រកាសដេញពលរដ្ឋដែលមានក្នុងរដ្ឋធានីទាំងអស់ប្រមាណ៣លាននាក់ចេញទាំងអស់។
ប្រជាជនទីក្រុងភ្នំពេញ ឬគេហៅថា អ្នក១៧ មេសា រាប់លាននាក់បានធ្វើដំណើរដោយមានរថយន្ត រទេះគោ រទេះសេះ រ៉ឺម៉ក ម៉ូតូ អ្នកដើរថ្មើជើង ចេញដើរតាមផ្លូវចេញពីទីក្រុងដែលខ្លះបានវង្វេងព្រាត់ប្រាស់គ្រួសារនៅក្នុងពេលនោះ។
អ្នកជំងឺធម្មតាត្រូវបានអូសចេញពីមន្ទីរពេទ្យ ខណៈទាហានរបប លន់ នល់ ដែលកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យត្រូវបានខ្មែរក្រហមចូលទៅបាញ់សម្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង។
សាកសពទាហាន របស់សាធារណៈរដ្ឋ និងជនស៊ីវិល ត្រូវគេប្រទះឃើញស្លាប់ជាច្រើននៅពាសវាលពាសកាល និងតាមដងផ្លូវ។ ឈាមរបស់ខ្មែរត្រូវបានខ្មែរក្រហមបង្ហូរដើម្បីអបអរជ័យជម្នះរបស់ខ្លួននៅថ្ងៃនោះតែម្ដង។
ក្រោយពីជម្លៀសប្រជាជននិងបែងចែកទៅតាមភូមភាគ ខ្មែរក្រហមបានបង្កើតសហករណ៍មូលដ្ឋានបានដោយជោគជ័យ។ ទាំងប្រជាជននៅមូល និងអ្នកនៅទីក្រុងដែលត្រូវជម្លៀស ឬហៅ អ្នក១៧មេសា ភាគច្រើនជានិស្សិត បញ្ញវ័ន្ត ត្រូវគេស្នើឲ្យចុះស្រែដកស្ទូង និងកាន់នង្គ័ល ព្យួររាស់ដូចៗគ្នា។
ខ្មែរក្រហមបានបំបាត់ទីផ្សារ និងកម្មសិទ្ធឯកជន លុបបំបាត់ឋានៈសង្គម ដោយធ្វើឲ្យមានតែមានវណ្ណៈប៉ុណ្ណោះគឺវណ្ណៈអធន ហើយត្រូវធ្វើស្រែទាំងអស់គ្នា។
ការងារពលកម្មចាប់ផ្ដើម ធ្វើនៅពេលថ្ងៃរះ រហូតដល់ពេលថ្ងៃលិច។ ក្រុមណា មិនអាចបញ្ចប់ការងារទាន់ ផែនការ ដែលដាក់ចុះ ដោយថ្នាក់លើ នឹង មិនត្រូវបានអនុញ្ញាតិឲ្យសម្រាកនោះទេ។
ភាពជោគជ័យនៃការលុបបំបាត់ទីផ្សារ កម្មសិទ្ធិឯកជន សាឡុតស ហៅ ប៉ុលពត បានឈានមួយជំហានទៀតគឺលុបបំបាត់បានសាសនា វត្តអារាម មន្ទីរពេទ្យសាលារៀនដែល ប៉ុល ពត មានគោលបំណងធ្វើឲ្យ កម្ពុជាឆ្នាំសូន្យ គឺឲ្យស្របនឹង រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៧៦។
ដើម្បីសម្រេចគោលដៅនេះត្រូវសម្លាប់ប្រជាជនណា មិនអាចជំរៈបានរបបសង្គមចាស់ ហើយជនណានៅមានគំនិត វប្បធម៌ជឿនលឿន នឹងត្រូវចាត់ទុកជាខ្មាំងរបស់ បដិវត្ត គ្រួសាររបស់ពួកគេ នឹងត្រូវយកទៅ អប់រំលត់ដំ ក្នុងជំរុំពលកម្ម ហើយបើមិនអាចអប់រំបាននឹងត្រូវសម្លាប់ចោលដូចគ្នា។
កំណត់ហេតុនិពន្ធ របស់អ្នកកាសែតបរទេស ចំនួន ២នាក់ គឺ Grant Evans និង Kelvin Rowley នៅ ១៩៨៤ បានស្រង់គោលនយោបាយជាតិនៅ ឆ្នាំ១៩៧៨ របស់ប៉ុលពត ដោយបានកត់សម្គាល់ថា បើទោះបី ប៉ុលពត ថាខ្លួនកសាងរបបសង្គមមួយដោយមិនយកគំរូតាមប្រទេសណាមួយនោះទេ តែរាល់លទ្ធិនិងរបៀបគ្រប់គ្រងប្រទេសរបស់ចិន ក្នុងការដឹកនាំរបស់ ម៉ៅ សេទុង ត្រូវបាន ប៉ុលពតយកមកអនុវត្ត។
កំណត់ហេតុអ្នកនិពន្ធបានសំណេរ និងមានអត្ថន័យដូចនេះថា៖ «នៅក្នុងប្រទេសចិនក្រោយ មានបដិវត្តវប្បធម៌ និងក្រោយពី មេដឹកនាំម៉ៅ ទទួលមរណៈភាព។ ប៉ុលពតបានតាំងខ្លួន គាត់ជាមេដឹកនាំ ម៉ៅសេងទុងនៅកម្ពុជា។ ទ្រឹស្ដីមួយត្រូវប៉ុលពត យកមកអនុវត្ត គឺកំទេចជំងឺផ្ទៃក្នុងបក្ស មានន័យថាត្រូវកំទេចជនណា ដែលប្រឆាំងនឹងការកែទំរង់របស់បក្ស ត្រូវគេលាបពណ៌ជាជនក្បត់ ក្រោយពាក្យនេះ ប្រែក្លាយជាជនក្បត់អង្គការ»។
នៅឆ្នាំ១៩៧៦ ប្រជាជនកម្ពុជា រាប់រយពាន់នាក់ ត្រូវគេធ្វើទារុណកម្ម និងសម្លាប់ នៅមន្ទីរសន្តិសុខ ឬមន្ទីរសន្តិបាល។
នៅខែឧសភា ឆ្នាំ១៩៧៦ ប៉ុលពត និងបក្សគុម្មុយនិស្តកម្ពុជា ចាប់ផ្ដើមបង្កើត មន្ទីរសន្តិបាល ស២១ អតីតវិទ្យាល័យទួលស្លែង នៅក្នុងទីក្រុងភ្នំពេញ។ គោលដៅ នៃការបង្កើត ស២១ គឺសំដៅ ចាប់ជនក្បត់អង្គការមកសួរចម្លើយនៅទីនោះ។ មានមនុស្សចំនួន ១២ ២៧៣ត្រូវបានរាយការណ៍ថាបានយកមកធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់នៅមន្ទីរសន្តិសុខមួយនេះ។
ស២១ ឬគុកទួលស្លែង ត្រូវបានដាក់ឲ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់កម្មាភិបាលជាន់ខ្ពស់ របស់បក្សគុម្មុយនិស្ត គឺកាំងហ្គិចអៀវ ហៅឌុច ដែលបានស្លាប់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។
ដំណើរនាំកម្ពុជាទៅរកឆ្នាំសូន្យរបស់ ប៉ុលពត បានបង្កើតសោកនាដកម្មលើទឹកដីកម្ពុជាដ៏ធំមហិមា សិទ្ធិរស់រានមានជីវិតដែលជាងសិទ្ធសំខាន់ជាងគេត្រូវបានខ្មែរក្រហមដកហូតពីប្រជាជនកម្ពុជាទាំងអស់រស់រង់ចាំថ្ងៃសម្លាប់ ដែលតាមរបាយការណ៍មានប្រជាជនខ្មែរជាង ១,៧លាននាក់ត្រូវបានសម្លាប់ក្រោមរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ។ ប្រវត្តិសាស្ត្រកម្ពុជាឆ្នាំសូន្យនេះជាប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ពិភពលោកមួយដែលមិនត្រូវឲ្យវាកើតឡើងសាជាថ្មីនោះទេ៕