អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនិងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ នេះហើយ។

តាមកាលកំណត់ទេវតានិងចុះមកនៅម៉ោង ១០និង១៧នាទីយប់ថ្ងៃទី១៣ ខែមេសានេះ.ដែលហៅថាមហាសង្ក្រាន្ត។

បើយោងតាមសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។

ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី៣ថា្នក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ ១រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។


ស្រេចហើយវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាត បរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ជាទំនៀម មានចែងនៅក្នុងសៀវភៅព្ររាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដល់មានទៀនប្រាំ ធូបប្រាំ សា្លធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួង ពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។


ទេវតាឆ្នាំនេះព្រះនាម មហោទរាទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ។

ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គលវិបុលសុខ គ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក