ភ្នំពេញ៖ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោក រ័ត្ន ស្រ៊ាង បានណែនាំដល់មេបញ្ជាការរងទទួលជំនាញ មេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន។
កិច្ចប្រជុំខាងនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕