តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា មិនមានការអនុញ្ញាតឱ្យប្រទេសណា ដាក់មូលដ្ឋានទ័ពលើទឹកដីកម្ពុជានោះទេ ខណៈមានការផ្សព្វផ្សាយថាគម្រោងបង្កើតព្រែកជីកហ្វូណននេះ ដើម្បីឱ្យប្រទេសមហាអំណាចមួយយកនាវាចម្បាំងយកមកដាក់បង្កើតហានិភ័យ។
សម្តេចធិបតីបញ្ជាក់ដូចនេះក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតីបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួននោះទេ ហើយកម្ពុជាក៏មិនមានមហិច្ឆតា ឬគ្មានគោលគំនិត ភាពក្លាហាន នៅក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងឡើយ
សម្តេចថ្លែងថា៖«យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ព នៅទឹកដីកម្ពុជាទេ»។
សម្តេចធិបតីបានឱ្យដឹងទៀតថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងជាមួយប្រទេសណានោះទេ មិនថាតែមូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយ ក៏មិនអនុញ្ញាតផងដែរ។
សម្តេចធិបតីក៏បានបញ្ជាក់ដែរថា កម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន មិនមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ។ កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវខ្លួននោះដែរ គឺមានតែព្យាយាមរាប់អាន គ្រប់ប្រទេសដោយគ្មានការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត៕