
ក្រសួងបរិស្ថានចាត់មន្ត្រីប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ នៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ក្រសួងបរិស្ថានបានចាត់មន្ត្រីនៅប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។
សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១៣៧០ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ។
ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ។
ទន្ទឹមនឹងនេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាង ប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹក ទន្លេមេគង្គជាបន្តទៀត៕