លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សមាជិកសភា និងអភិបាលខេត្តអូសាការបស់ជប៉ុនចេញលិខិតអបអរសាទរការរៀបចំសង្ក្រាន្តឆ្នាំថ្មីរបស់ខ្មែរនៅជប៉ុន

ជប៉ុន៖ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី(LDP) អភិបាលខេត្ត និងអភិបាលក្រុងអូសាកា(OSAKA)របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន៣ច្បាប់ផ្សេងគ្នាអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុងអូសាកាដែលបានប្រារព្ធកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និងភាពសម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការស្រាវជ្រាវហហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវប្រព័ន្ធពន្ធនៃគណបក្សប្រជាធិបតេយ្យសេរី(LDP)លោកស្រី កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI)បានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែកក្នុងការផ្លាស់ប្តូរ និងចែករំលែកវប្បធ៌ម ព្រមទាំងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់លោកស្រី ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនេះ បានបង្ហាញពីភាពឥតខ្ចោះ និងភាពសម្បូររុងរឿងនៃប្រពៃណីវប្បធ៌មខ្មែរដែលបានល្បីរន្ទឺទូទាំងសកលលោក។

ដោយឡែក អភិបាលខេត្តអូសាកា លោក យូស៊ីមូរ៉ា ហីរូហ្វូមី(YOSHIMURA HIROFUMI) ក៏រំភើបរីករាយចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរបស់ខ្មែរដែលធើ្វជាលើកដំបូងក្នុងទឹកដីខេត្តអូសាកា ដោយការរៀបចំព្រឹត្តិការណ៍ដែលមានការដាក់បង្ហាញម្ហូបអាហារ ការប្រគុំតន្រ្តីរបស់សិល្បករល្បីល្បាញ និងការសម្តែងរបាំប្រពៃណីជាដើមនេះ នឹងចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងខេត្តអូសាកានិងប្រទេសកម្ពុជាឱ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ អភិបាលក្រុងអូសាកា លោក យូកូយ៉ាម៉ា ហៃដេយូកិ(YOKOYAMA Hideyuki)វិញ ក៏សង្កត់ធ្ងន់ថា ព្រឹត្តការណ៍សង្ក្រាន្តខ្មែរនៅជប៉ុនឆ្នាំ២០២៤នេះ បានពាំនាំនូវប្រពៃណីនៃការប្រារព្ធពិធីបុណ្យសង្រ្កាន្តខ្មែរ, វប្បធ៌ម, ល្បែងប្រជាប្រិយ, និងម្ហូបខ្មែរ ដែលសុទ្ធសឹងជាកិត្យានុពលភាពនៃវប្បធ៌មខ្មែរ មកបង្ហាញជូនប្រជាពលរដ្ឋនៃក្រុងអូសាកា ព្រមទាំងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់ឱ្យឈ្វេងយល់ ហើយព្រឹត្តិការណ៍ដ៏ល្អផូរផង់នេះ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធ៌មនៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅសួនអូសាកា(Osaka Castle)ក្នុងក្រុងអូសាកានៃខេត្តអូសាការបស់ប្រទេសជប៉ុន ក្រោមការចូលរួមពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំពិធីសាសនា ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើនដូចជានំអន្សមនំគមម្រេចខ្មែរសម្លៀកបំពាក់ប្រពៃណីខ្មែររួមទាំងការលេងល្បែងប្រជាប្រិយ រួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក