ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំនូវវិធានការអនុវត្តបន្ទាន់នៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ។
ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដូចជា ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។
ក្រសួងក៏បានណែនាំឱ្យត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ និងត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។
ជាមួយគ្នានេះ ក្រសួងណែនាំឱ្យត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់ និងត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ៕