ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងផែនការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចក្នុងការធ្វើឱ្យសាលាជាតិផែនការ និងស្ថិតិក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដើម្បីពង្រឹងនិងពង្រីកវិសាលភាពឱ្យមានការរីកចម្រើនក្នុងការបណ្ដុះបណ្ដាលវគ្គវិក្រឹតការដល់មន្ត្រីរាជការ និងមន្ត្រីបន្តវេន។
សម្ដេចធិបតីថ្លែងបែបនេះក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នា២០២៣របស់ក្រសួងផែនការ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។
សម្ដេចថ្លែងថា៖ «ដោយមានធនធានថវិកាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងនិងបណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងសមត្ថភាព។ សាលាជាតិផែនការ និងស្ថិតិត្រូវលើកកម្ពស់របស់ខ្លួនទាំងសមត្ថភាពរបស់គ្រូ និងស្ថាប័នដើម្បីជាមូលដ្ឋានគ្រឹះអប់រំនិងបណ្ដុះបណ្ដាល»។
សម្ដេចធិបតីក៏បានលើកឡើងពីសារៈសំខាន់នៃការបណ្ថុះបណ្ដាលទាក់ទងនឹងវិស័យផែនការ និងស្ថិតិគឺជាកិច្ចការចាំបាច់ផងដែរក្នុងពេលដែលកម្ពុជាកំពុងវិវត្តន៍នូវកម្មវិធីកែទម្រង់សាធារណៈក្នុងកម្មវិធីបញ្ចកោណដំណាក់កាលទី១នេះ។
សាលាជាតិផែនការ និងស្ថិតិ បានវិវត្តន៍ខ្លួនពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការស្ថិតិ ដែលបានសិទ្ធិបណ្ដុះបណ្ដាលដល់ថ្នាក់ឧត្តម វិក្រឹតការ និងសុក្រឹតការក្នុងវិស័យផែនការ និងស្ថិតិលើជំនាញផែនការអនុវត្តន៍ ស្ថិតិអនុវត្តន៍ ស្ថិតិប្រជាសាស្ត្រ និងការតាមដានត្រួតពិនិត្យវាយតម្លៃ។ បច្ចុប្បន្នសិស្សកំពុងសិក្សានៅសាលានេះមាន ៥៨៣នាក់ ស្រី១៣២នាក់ ក្នុងនោះមន្ត្រីរាជការ ៤៥២នាក់៕