សហរដ្ឋអាមេរិក៖ សេតវិមានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះបានបង្ហាញពីការស្វាគមន៍ចំពោះវត្តមាននៃរថយន្តដឹកជញ្ជូនជំនួយជាង ៣០០គ្រឿងមកកាន់តំបន់ហ្គាហ្សា ដោយបានអះអាងថារដ្ឋាភិបាលអាមេរិកកំពុងជំរុញបន្ថែមទៀតឱ្យកងកម្លាំងអ៊ីស្រាអែលអនុញ្ញាតឱ្យបង្កើនចំនួនរថយន្តដឹកជញ្ជូនជំនួយមកកាន់តំបន់ហ្គាហ្សាឱ្យបានដល់ ៣៥០គ្រឿងក្នុងមួយថ្ងៃ ស្របពេលដែលភាគីពាក់ព័ន្ធកំពុងពន្លឿននូវកិច្ចពិភាក្សាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។
អ្នកនាំពាក្យសេតវិមាន លោក John Kirby ថ្លែងបញ្ជាក់ដែរថា នាយក CIA លោក William Burns បានមានវត្តមានក្នុងទីក្រុង គែរ ប្រទេសអេហ្ស៊ីប កាលពីសប្តាហ៍មុន ដើម្បីចូលរួមតំណាងក្នុងកិច្ចពិភាក្សាស្ដីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ សហរដ្ឋអាមេរិករំពឹងថា កិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់រយៈពេល ៦សប្តាហ៍នឹងអាចកើតមានឡើង។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌៌មាន ជុំវិញភាគរយដែលអាចកើតមានឡើងនូវបទឈប់បាញ់នេះឬយ៉ាងណា? លោក John Kirby បានប្រាប់មកកាន់អ្នកសារព័ត៌មានថា៖ "ក្រុមការងារ និងសហការីការទូតរបស់យើងកំពុងព្យាយាមខ្លាំងបំផុតតាមដែលអាចធ្វើបាន ហើយយើងពិតជាចង់ឱ្យមានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងមួយអាចកើតឡើងឆាប់រហ័សបំផុត"។
គួរបញ្ជាក់ថា ការថ្លែងរបស់់សហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជូនជំនួយចូលទៅកាន់តំបន់ហ្គាហ្សាកាន់តែច្រើននេះធ្វើឡើង បន្ទាប់់ពីហេតុការណ៍អកុសលមួយបានកើតមានកាលពីសប្តាហ៍មុន ពោលគឺការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលមួយ បណ្ដាលឱ្យបុគ្គលិកអង្គការមនុស្សធម៌ក្នុងតំបន់ហ្គាហ្សាចំនួន ៧នាក់បានបាត់បង់ជីវិត។ លោក John Kirby ថ្លែងថា៖ "តួលេខនេះ (រថយន្តដឹកជញ្ជូនជំនួយ) គួរតែមានការកើនឡើង ដើម្បីអាចឆ្លើយតប និងធានានិរន្តរភាព ដើម្បីដោះស្រាយស្ថានការណ៍មនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងតំបន់នេះ"៕